(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ បាយការណ៍ថ្មីមួយចេញផ្សាយដោយ គណកម្មការត្រីបាឡែនអន្តរជាតិ (IWC) បានឱ្យដឹងថា ក្នុងចំណោមត្រីបាឡែន ៣៣៣ក្បាល ដែលត្រូវបានគេសម្លាប់ក្នុងឆ្នាំ២០១៧ ក្រោមក្របខណ្ឌ នៃកម្មវិធីវិទ្យាសាស្ត្រត្រីបានឡែនរបស់ជប៉ុន ១២២ក្បាល ជាត្រីមានកូនក្នុងពោះ និង ១១៤ក្បាលមានវ័យជំទង់៕
២៖ សហរដ្ឋអាមេរិកបានស្នើឱ្យបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិជាបន្ទាន់ នៅល្ងាចថ្ងៃពុធនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ដើម្បីពិភាក្សាគ្នាជុំវិញការវាយប្រហារប្រឆាំងអ៊ីស្រាអែលនាពេលថ្មីៗនេះ៕
៣៖ អភិបាលរដ្ឋ Missouri របស់សហរដ្ឋអាមេរិក លោក អ៊ីរិច ហ្គ្រៃធិនស៍ (Eric Greitens) បានសម្រេចលាលែងពីតំណែង នៅចំពោះមុខសម្ពាធនៃការស៊ើបអង្កេតដែលកាន់តែរីកធំទៅៗ ជុំវិញរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងរូបលោកព្រមទាំងការសង្ស័យ ទាក់ទិននឹងការបំពានទៅលើ ការប្រមូលមូលនិធិក្នុងយុទ្ធនាការរកសំឡេងគាំទ្រ៕
៤៖ ប្រទេសហូឡង់នៅថ្ងៃអង្គារសប្ដាហ៍នេះ បានជម្រុញឱ្យរុស្ស៊ី ទទួលខុសត្រូវចំពោះការធ្លាក់យន្ដហោះ MH17 របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ នៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤៕
៥៖ ទីក្រុងតេហេរ៉ង់បានបង្ហាញពីបំណង ចង់ដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិក សម្រាប់ការមានជាប់ពាក់ព័ន្ធដោយប្រយោល ក្នុងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ២០១៧ ដែលផ្ដាច់ជីវិតមនុស្ស ១៧នាក់។ គំរោងដាក់ពាក្យបណ្ដឹង របស់អ៊ីរ៉ង់ គឺធ្វើឡើងដោយផ្អែកលើពាក្យ សម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បានចូលរួមបង្កើតពួក ISIS៕
៦៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍ស្អែកនេះ មុនជំនួបលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវប្រារព្ធឡើងនៅសិង្ហបុរី៕