(ម៉ូស្គូ)៖ កិច្ចចរចាបានបញ្ចប់ជាស្ថាពរហើយ ជុំវិញការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ីទៅឲ្យប្រទេសឥណ្ឌា នូវប្រព័ន្ធខែលការពារមីស៊ីលដែនអាកាស S-400 គិតជាទឹកប្រាក់សរុបប្រមាណ ៥.៩៣ពាន់លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា នាពេលនេះភាគីទាំងពីរកំពុងរួមគ្នាខិតខំរិះរកវិធីយ៉ាងណា ដើម្បីឆ្លងកាត់ទណ្ឌកម្មរបស់អាមេរិកដែលប្រឆាំងនឹងប្រទេសក៏ដូចជាក្រុមហ៊ុនទាំងឡាយ ដែលមានកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។ ដោយឡែកសេចក្តីប្រកាសជាផ្លូវការពីការសម្រេចជាស្ថាពរនូវកិច្ចព្រមព្រៀងទិញ-លក់សព្វាវុធនេះ ប្រហែលជាត្រូវធ្វើឡើង នៅមុនជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងនាយករដ្ឋមន្រ្តីលោក ណារិនដ្រា ម៉ូឌី នៅខែតុលា ឆ្នាំនេះ។
គួរជម្រាបថា ប្រព័ន្ធមីស៊ីល S-400 ត្រូវគេចាត់ទុកថា គឺជាប្រភេទសព្វាវុធប្រើសម្រាប់ការពារដែនអាកាសដ៏ទំនើបបំផុត នៅក្នុងប្រទេសរុស្ស៊ី ដែលមានរយៈចម្ងាយការពារប្រវែង ៤០០គីឡូម៉ែត្រ និងកម្ពស់ ៣០គីឡូម៉ែត្រ៕