(ម៉ានីល)៖ ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក ហ៊ឺម៉ួឲូហ្គេណែស អេស្ពើសុន (Hermogenes Esperon) នៅថ្ងៃពុធនេះបាននិយាយថា ទីក្រុងម៉ានីលបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្រ្គាម បើសិនជាកងទ័ពរបស់ខ្លួន រងការវាយប្រហារណាមួយនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
ការថ្លែងខាងលើរបស់លោក Esperon ត្រូវបានគេមើលឃើញថា គឺជាប្រតិកម្មឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់ក្រុមអ្នកនយោ បាយប្រឆាំងនៅក្នុងស្រុក មកលើរដ្ឋាភិបាលនៃលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលមាននយោបាយទន់ភ្លន់ និងបណ្ដោយឱ្យចិន ធ្វើការបង្កើនឥទ្ធិពលយោធានៅតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះរួមមានទំាង តំបន់សេដ្ឋកិច្ចផ្ដាច់មុខហ្វីលីពីនផងដែរ។
តែទោះជាយ៉ាងក្ដីលោក Esperon នៅតែបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនចង់បន្តដោះស្រាយបញ្ហាតាមផ្លូវការទូត ប៉ុន្តែបើសិនជាមានការឈ្លានពាន ឬបង្ករឿងណាមួយ នោះកងទ័ពហ្វីលីពីនត្រៀមខ្លួនរួចស្រេច ដើម្បីប្រឈមមុខនឹងសង្រ្គាម។ «នៅយប់មួយផ្សេងទៀត លោកប្រធានាធិបតី (ឌូតឺតេ) បាននិយាយថា បើសិនជាកងទ័ពរបស់លោករងការវាយប្រហារ នោះលោកនឹងឆ្លងកាត់បន្ទាត់ក្រហម»។ នេះគឺជាការគូសបញ្ជាក់របស់ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Hermogenes Esperon។
គួរជម្រាបថា កាលពីសប្ដាហ៍មុនរដ្ឋាភិបាលហ្វីលីពីន ក៏បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងផងដែរ ចំពោះវត្តមានយន្ដហោះទម្លាក់ គ្រាប់បែកចិននៅតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្តែទីក្រុងម៉ានីល មិនបានប្រតិកម្មឆ្លើយតប ឬក៏ថ្កោលទោសសកម្មភាព យោធារបស់ចិនជាដុំកំភួនអ្វីនោះទេ៕