(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍ស្អែកនេះ មុនជំនួបលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវប្រារព្ធឡើងនៅសិង្ហបុរី។ នេះបើសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ដកស្រង់ខ្លឹមសារដោយសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើថា «កិច្ចពិភាក្សារវាងប្រមុខដឹកនាំ នៃក្រសួងការបរទេសរបស់ប្រទេសទាំងពីរ គឺត្រូវបានគ្រោងត្រៀមឡើងទុកជាមុន ហើយក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនេះ បញ្ហាមួយចំនួនស្តីពីរបៀបវារៈទ្វេភាគីត្រូវបានគេរំពឹងថា នឹងត្រូវលើកយកមកពិគ្រោះពិភាក្សា រួមជាមួយនិងការផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងបញ្ហាអន្តរជាតិនិងបញ្ហាក្នុងតំបន់សំខាន់ៗដទៃទៀត»។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតនៃប្រទេសរុស្ស៊ី ដែលជាខ្នងបង្អែកដ៏ធំមួយរបស់កូរ៉េខាងជើងបន្ទាប់ពីចិននោះ បានកើតមានឡើងចំពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង កំពុងដុតដៃដុតជើងត្រៀមរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនាខែក្រោយនេះ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯប្រទេសសិង្ហបុរី៕