(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) បាននិយាយថា វាដល់ពេលដល់វេលាហើយ ដែលប្រទេសម៉ាឡេស៊ីត្រូវបញ្ឈប់ប្រតិបត្តិការស្វែងរកយន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH370 ក្រោយពីការរុករកថ្មីចំណាយពេល ០៣ខែកន្លងកន្លងទៅនេះ ដោយក្រុមហ៊ុនអាមេរិក បានបញ្ចប់ទៅកាលពីថ្ងៃអង្គារម្សិលមិញ ដោយពុំមានលទ្ធផលអ្វីសោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ លោក Mahathir បានលើកឡើងយ៉ាងដូច្នេះថា «មកទល់ពេលនេះ យើងពុំបានរកឃើញវត្ថុតាងជាក់លាក់អ្វីនៅឡើយ ដូច្នេះហើយយើងបានឈានដល់ដំណាក់កាល ដែលពួកយើងមិនអាចបន្តតាមស្វែងរកអ្វី ដែលយើងពិតជាមិនអាចមានលទ្ធភាពនឹងរកឃើញនោះទេ»។
ជាចុងក្រោយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបន្ថែមថា រដ្ឋាភិបាលថ្មីរបស់លោក នឹងធ្វើការពិចារណាបន្តប្រតិបត្តិការរុករកឡើងវិញ បើសិនជាមានការព័ត៌មានថ្មីផ្សេងៗពាក់ព័ន្ធនឹងយន្តហោះ MH370 ប៉ុន្តែនៅពេលនេះ វាត្រូវបានបញ្ចប់។ គួរជម្រាបថា នាម្សិលមិញនេះ អាជ្ញាធរម៉ាឡេស៊ី ក៏បានអះអាងផងដែរថា នឹងបញ្ចេញរបាយការណ៍ទាំងអស់អំពី MH370 ជាសាធារណៈតែម្តង៕