ប្រទេសអ៊ីរ៉ង់ «ចង់ដាក់ពាក្យប្តឹងសហរដ្ឋអាមេរិក ជុំវិញអំពើភេរវកម្មឆ្នាំ២០១៧ និងការបង្កើតបណ្តាញ ISIS» (Video inside)
30-05-2018 13:23
(តេហរ៉ង់)៖ ទីក្រុងតេហេរ៉ង់បានបង្ហាញពីបំណង ចង់ដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិក សម្រាប់ការមានជាប់ពាក់ព័ន្ធដោយប្រយោល ក្នុងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ២០១៧ ដែលផ្ដាច់ជីវិតមនុស្ស ១៧នាក់។ គំរោងដាក់ពាក្យបណ្ដឹងរបស់អ៊ីរ៉ង់ គឺធ្វើឡើងដោយផ្អែកលើពាក្យ សម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បានចូលរួមបង្កើតពួក ISIS។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
បើគេនៅចាំមិនភ្លេចទេ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ បានចោទប្រកាន់ជាច្រើនលើកច្រើនដងថា អតីតរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ជាពិសេសគឺអតីតគូប្រជែងរបស់លោក និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានចូលរួមចំណែកបង្កើតពួក ISIS។
«ហ៊ីលឡារី គ្លីនតុន បានបង្កើតពួក ISIS ជាមួយអូបាម៉ា»។ នេះគឺការលើកឡើងរបស់លោក ត្រាំ ទៅកាន់អ្នកគាំទ្រកាលពីខែមករា ឆ្នាំ២០១៦។ បន្ថែមពីលើនេះ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ប្រធានាធិបតីរូបនេះនៅតែអះអាងដដែលថា លោកស្រី គ្លីនតុន បានបង្កើត ISIS ជាមួយគោលនយោបាយឆ្កួតឡប់របស់លោកស្រី»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់អ៊ីរ៉ង់កើតមានឡើង ក្រោយតុលាការទីក្រុងញូយ៉ករបស់សហរដ្ឋអាមេរិក បានធ្វើការកាត់សេចក្តីដោយដាក់ ប្រទេសអ៊ីរ៉ង់ទៅក្នុងការពាក់ព័ន្ធនៃព្រឹត្តិការណ៍មហាភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលជាសោកនាដកម្មធំធេងបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយអ៊ីរ៉ង់ក៏កំពុងបញ្ចេញប្រតិកម្មខ្លាំងក្លា ប្រឆាំងនឹងការចោទប្រកាន់នេះដែរ៕