(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានធ្វើសេចក្តីសម្រេចចិត្ត ក្នុងការលុបចោលគម្រោងធ្វើកិច្ចជំនួបជាមួយលោក គីម ជុងអ៊ុន តែក្រោយមកភាគីទាំងពីរ បែរជាព្រមព្រៀងធ្វើកិច្ចជំនួបជាថ្មី ដោយបានបង្កក្តីភ្ញាក់ផ្អើលជាខ្លាំង។
សេចក្តីសម្រេចអាមេរិក ក្នុងការលុបចោលកិច្ចជំនួបកាលពីសប្តាហ៍មុន និងការព្រមព្រៀងគ្នាជាថ្មីរវាងភាគីទាំងពីរ មិនត្រឹមតែប៉ះពាល់ដល់ភាគីសាមីតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជះឥទ្ធិពលខ្លាំងដល់បណ្តាប្រទេសក្នុងតំបន់ផងដែរ។ ជាក់ស្តែង អ្នកវិភាគបានមើលឃើញថា ការលុបចោលកិច្ចជំនួបនោះ វាចូលរួមបង្កក្តីខកបំណងជាខ្លាំង សម្រាប់បណ្តាប្រទេសនៅអាស៊ី ផ្ទុយទៅវិញវាបែរជាផ្ដល់ផលល្អ សម្រាប់ប្រទេសចិនទៅវិញ។
ប៉ុន្តែថ្មីៗនេះមេដឹកនាំអាមេរិក និងកូរ៉េខាងជើងបែរជាផ្លាស់ប្តូរចិត្ត ដោយយល់ព្រមធ្វើកិច្ចជំនួបតាមការគ្រោងទុក អ្នកដែលត្រូវខកចិត្ត គឺរដ្ឋាភិបាលក្រុងប៉េកាំង។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងមានក្តីបារម្ភចំពោះកិច្ចចរចាសន្តិភាពរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក មិនតែប៉ុណ្ណោះវានឹងអាចនឹងផ្ដល់ឱកាសដល់កូរ៉េខាងជើង ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់ខ្លួន ទៅជិតស្និទ្ធជាមួយអាមេរិកដែលជាសត្រូវរបស់ចិន ជាពិសេសធ្វើឱ្យកូរ៉េខាងជើងអាចបោះជំហានទៅមុខដោយសេរី ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសចិន និងថែមទាំងទាត់ចិនចោលក៏អាចថាបាន។
លោក Cheng Xiaohe អ្នកជំនាញផ្នែកកូរ៉េខាងជើង ប្រចាំនៅសាកលវិទ្យាល័យ Renmin ក្នុងរដ្ឋធានីប៉េកាំងបានលើកឡើងថា សេចក្តីសម្រេចចិត្តពីដំបូងរបស់លោក ត្រាំ ក្នុងការលុបចោលកិច្ចជំនួប អាចជាដំណឹងអាក្រក់មួយសម្រាប់មជ្ឈដ្ឋានខ្លះ ប៉ុន្តែវាផ្ដល់ឱកាសដល់លោក ស៊ី ក្នុងការទទួលបានដំណែងជាអ្នកសម្របសម្រួល។ លោក ត្រាំ មានភាពសង្ស័យថា លោក ស៊ី បានធ្វើអ្វីម្យ៉ាង ដើម្បីអូសទាញកូរ៉េខាងជើង ក្នុងការធ្វើកំណែទម្រង់ដ៏លំបាកណាមួយ ដើម្បីបោះបង់កម្មវិធីនុយក្លេអ៊ែរ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក ត្រាំ បានកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងបានបន្ទន់ឥរិយាបថចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចជំនួបដ៏គួរឱ្យភ្ញាក់ផ្អើលរវាងលោក គីម និងលោក ស៊ីក្នុងទីក្រុងកំពង់ផែ Dalian កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ ប្រធានាធិបតីរូបនេះយល់ថា ប្រធានាធិបតីចិនបានជំរុញមេដឹកនាំវ័យក្មេង និងខ្វះនូវបទពិសោធន៍រូបនេះ ក្នុងការបោះជំហានដ៏លំបាកមួយ ដើម្បីបង្កើនអំណាចចិន ក្នុងការធ្វើកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
គោលបំណងរបស់លោក ស៊ី គឺអាចពន្យាពេលនៃកិច្ចប្រជុំនេះ បានយូរបំផុតតាមដែលអាចធ្វើទៅបាន នេះជាការលើកឡើងរបស់លោក James Mann អ្នកនិពន្ធសៀវភៅមួយដែលមានឈ្មោះថា” China Fantasy”។ លោកបន្តថា «ការរំពឹងចង់បានកិច្ចព្រមព្រៀង តែអាមេរិកបែរជាមិនអាចគោរពខ្លួនឯង វាអាចផ្ដល់អានុភាពដល់ចិន លុបលើអាមេរិក»។
អ្នកវិភាគមួយចំនួនបាននិយាយថា ប្រទេសចិនមានបំណងទប់ស្កាត់កិច្ចជំនួបរវាងអាមេរិក និងកូរ៉េខាងជើង។ កន្លងមកសហរដ្ឋអាមេរិក បានដាក់សម្ពាធពាណិជ្ជកម្មលើចិន ដើម្បីរដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មតឹងរ៉ឹងប្រឆាំងនឹងកូរ៉េខាងជើងបន្ថែមទៀត។ ដោយឡែកក្នុងស្ថានភាពនេះ ចិនក៏អាចប្រើប្រាស់ឱកាសនេះ ក្នុងការបង្ខំអាមេរិកធ្វើសម្បទានសេដ្ឋកិច្ចសម្រាប់ខ្លួនចេញ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់កិច្ចជំនួបជាមួយកូរ៉េខាងជើងដូចគ្នា។
ក្រុមអ្នកវិភាគចិនបានឱ្យដឹងថា ក្នុងកិច្ចជំនួបសន្តិភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងត្រូវបានលុបចោល ប្រទេសចិននឹងទាញបានប្រយោជន៍មួយចំនួន ដោយឡែកប្រសិនបើកិច្ចជំនួបនេះបានជោគជ័យ នោះប្រទេសចិន ក៏អាចទទួលបានផលចំណេញច្រើនពីកិច្ចព្រមព្រៀងសន្តិភាពនេះដូចគ្នា។ ក្នុងនោះដូចជា ការទប់ស្កាត់សង្គ្រាមមហន្តរាយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅតាមព្រំដែនរបស់ខ្លួន និងការឈានទៅរកការដកទ័ពអាមេរិក ចេញពីទឹកដីកូរ៉េខាងត្បូងជាដើម ជាអ្វីដែលប្រទេសចិនរង់ចាំជាយូរណាស់មកហើយ។
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Dalian មន្ត្រីចិនបានប្រាប់មន្ត្រីការបរទេសថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន បានធ្វើពិភាក្សាធ្វើយ៉ាងណាអាចឱ្យមេដឹកនាំវ័យក្មេង គីម ជុងអ៊ុន ក្នុងការដោះស្រាយបញ្ហាជាមួយ លោក ដូណាល់ ត្រាំ។
លោក Shi Yinhong សាស្រ្តាចារ្យនៃទំនាក់ទំនងអន្ដរជាតិនៅសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំងបាននិយាយទៀតថា ប្រទេសចិនក៏អាចទាញយកប្រយោជន៍ពីកិច្ចជំនួបសន្តិភាព ដើម្បីលុបបំបាត់ភាពតានតឹងនៅឧបទ្វីបកូរ៉េផងដែរ។ ជាក់ស្តែងបន្ទាប់ពីការដកទណ្ឌកម្មពីកូរ៉េខាងជើង អនុញ្ញាតឱ្យចិន និងកូរ៉េខាងជើង ចាប់ផ្ដើមធ្វើទំនាក់ទំនងពាណិជ្ជកម្មជាថ្មី នៅតាមបន្ទាត់ព្រំដែនជាមួយប្រទេស កូរ៉េខាងជើង។
ក្រៅពីនេះប្រទេសចិន នៅអាចស្រូបយកផលប្រយោជន៍ពីសហរដ្ឋអាមេរិក ដែលធ្លាប់បានសន្យា ក្នុងការបង្កើនទំនាក់ទំនងល្អជាងមុនជាមួយចិន ក្នុងករណីអាចលុបបំបាត់វិបត្តិ ដែលកើតមានក្នុងប្រទេសកូរ៉េខាងជើង នេះជាការលើកឡើងរបស់លោក Bonnie Glaser អ្នកជំនាញជនជាតិចិន ប្រចាំនៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមអ្នកវិភាគមួយចំនួនបាននិយាយថា លោក ត្រាំ បានគ្រប់គ្រងលើក្រុមហ៊ុន ZTE ដែលជាក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍ចិន។ កន្លងមកសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុននេះ មិនអោយទិញ គ្រឿងបន្លាស់ដែលផលិតដោយអាមេរិកឡើយ ដើម្បីជាការដាក់ទណ្ឌកម្មចំពោះចិន ដែលបានធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ ហើយថែមទាំងបានគំរាម ចង់ផ្ដួលរំលំក្រុមហ៊ុននេះថែមទៀតផង។
បន្ទាប់មកសហរដ្ឋអាមេរិកបានបន្ធូរបន្ថយការដាក់ទណ្ឌកម្មនោះ ដោយបានបញ្ជាក់ថា លោកកំពុងធ្វើការជាមួយលោក ស៊ី ជិនពីង ដើម្បីឱ្យក្រុមហ៊ុន ZTE អាចត្រលប់ទៅបន្តដំណើរឡើងវិញ។ កិច្ចជំនួបលើកនេះ ទោះបីជាអាចបញ្ចប់តាមការគ្រោងទុក ឬអត់ ភាគីចិន នៅតែអាចស្រូបយកផលប្រយោជន៍ ពីកិច្ចជំនួបលើកនេះដូចគ្នាជាច្រើនដង៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា