(យូអិន)៖ ប្រទេសហូឡង់នៅថ្ងៃអង្គារសប្ដាហ៍នេះ បានជម្រុញឱ្យរុស្ស៊ី ទទួលខុសត្រូវចំពោះការធ្លាក់យន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ នៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
ការស្នើឡើងរបស់ហូឡង់ កើតមានបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ បានអះអាងថា មីស៊ីលប្រភេទ ប៊ូក (Buk) ដែលគេប្រើបាញ់ដើម្បីទម្លាក់យន្ដហោះ MH17 គឺមានប្រភពមកពីយោធារុស្ស៊ី។ ចំណែកឯ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក ស្ទេហ្វ ប្លុក (Stef Blok) ក៏បានប្រាប់ក្រុមប្រឹក្សាសន្ដិសុខ UN នៅថ្ងៃអង្គារសប្ដាហ៍នេះដែរថា ការសន្និដ្ឋាននេះគឺជាលទ្ធផលបានមកពីការវិភាគ និងសិក្សាយ៉ាងស៊ីជម្រៅ។ «ផ្អែកលើមូលដ្ឋាននេះ... ហូឡង់ និងអូស្រ្ដាលី ស្នើឱ្យរុស្ស៊ីចូលរួមចំណែកយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយលក្ខណៈស្ថាបនាជាមួយពួកយើង ក្នុងបញ្ហានេះ ហើយយល់ព្រមទទួលយកនូវទំនួលខុសត្រូវរបស់ខ្លួន»។
គួររំលឹកថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ មានគោលដៅហោះហើរពីទីក្រុង អាំស្ទើដាំ (Amsterdam) ប្រទេសហូឡង់ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រូវបានគេបាញ់ទម្លាក់កាលពីថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៤។ សោកនាដកម្មនេះបានផ្ដាច់យកជីវិតមនុស្ស ដែលជិះនៅលើយន្ដហោះទាំងអស់ ២៩៨នាក់ ក្នុងនោះមាន ១៩៦នាក់ ជាពលរដ្ឋហូឡង់ ប៉ុន្តែ រុស្ស៊ីធ្លាប់បានច្រានចោលរាល់ការប្រកាន់មកលើខ្លួន៕