(ឡុងដ៍)៖ មនុស្សសរុប ១៤នាក់បានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងកក្រើក ដែលបានបណ្តាលឲ្យរថយន្តប្រមាណ ២៥គ្រឿង រងការខូចខាតនៅក្រុង ដាតហ្វដ (Dartford) ភាគខាងកើតប្រទេសអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
យោងតាមប៉ូលិសអង់គ្លេស មនុស្ស១៤នាក់ ដែលជាអ្នកថ្មើរជើងបានទទួលរងរបួស និងបានទទួលការព្យាបាលនៅហ្នឹងកន្លែងកើតហេតុតែម្តង ខណៈបុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោមការសង្ស័យថា បានបើកបរដោយគ្មានការប្រុងប្រយ័ត្ន ហើយជននោះកំពុងស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលិសនៅឡើយ។
គួរជម្រាបថា បើតាមសាក្សីជាច្រើននាក់រឿងហេតុដំបូងគឺបង្កឡើងដោយរថយន្តក្រុងមួយគ្រឿង ដែលបណ្តាលឲ្យមានរថយន្តចំនួន ២៥គ្រឿង ទៀតរងការខូចខាត៕