(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋ Missouri របស់សហរដ្ឋអាមេរិក លោក អ៊ីរិច ហ្គ្រៃធិនស៍ (Eric Greitens) បានសម្រេចលាលែងពីតំណែង នៅចំពោះមុខសម្ពាធនៃការស៊ើបអង្កេតដែលកាន់តែរីកធំទៅៗ ជុំវិញរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងរូបលោក ព្រមទាំងការសង្ស័យទាក់ទិននឹងការបំពានទៅលើ ការប្រមូលមូលនិធិក្នុងយុទ្ធនាការរកសំឡេងគាំទ្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងយ៉ាងតក់ក្រហល់ លោក Greitens បាននិយាយយ៉ាងដូច្នេះថា «ពេលនេះខ្ញុំសូមធ្វើសេចក្តីប្រកាសថា រូបខ្ញុំនឹងចុះចេញពីតំណែងជាអភិបាលនៃរដ្ឋ Missouri នៅល្ងាចថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ ពីដំបូងឡើយលោក Greitens ធ្លាប់បានអះអាងថា រូបលោកនឹងមិនលាលែងចេញពីតួនាទីឡើយ ទោះបីជាមានការចោទប្រកាន់មិនផ្លូវការបែបណាក៏ដោយ ប៉ុន្តែបច្ចុប្បន្ន រូបលោកកំពុងប្រឈមនឹងការត្រូវដកចេញពីតំណែង។
គួរជម្រាបថា អភិបាលរដ្ឋ Missouri វ័យ ៤៤ឆ្នាំរូបនេះ ត្រូវបានគេចោទប្រកាន់ថា ពីបទថតនិងចែករំលែករូបភាពអាក្រាតកាយរបស់ស្រ្តីម្នាក់ ដែលលោកមានសម្ព័ន្ធស្នេហាជាមួយ ដោយពុំមានសិទ្ធិអនុញ្ញាតពីភាគីម្ខាងទៀត។ កាលពីថ្ងៃមេសាកន្លងទៅនេះ លោក Greitens ក៏ត្រូវបានគេចោទផងដែរថា បានយកបញ្ចីឈ្មោះនៃអ្នកបរិច្ចាគក្នុងកម្មវិធីសប្បុរសធម៌ សម្រាប់អតីតយុទ្ធជនអាមេរិក ទៅប្រើប្រាស់ដើម្បីរៃអង្គាសប្រាក់ សម្រាប់យុទ្ធនាការរកសំឡេងគាំទ្រកាលពីឆ្នាំ២០១៦៕