(បរទេស)៖ របាយការណ៍ថ្មីមួយចេញផ្សាយដោយ គណកម្មការត្រីបាឡែនអន្តរជាតិ (IWC) បានឱ្យដឹងថា ក្នុងចំណោមត្រីបាឡែន ៣៣៣ក្បាល ដែលត្រូវបានគេសម្លាប់ក្នុងឆ្នាំ២០១៧ ក្រោមក្របខណ្ឌ នៃកម្មវិធីវិទ្យាសាស្ត្រត្រីបានឡែនរបស់ជប៉ុន ១២២ក្បាល ជាត្រីមានកូនក្នុងពោះ និង ១១៤ក្បាលមានវ័យជំទង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
បន្ថែមពីលើនេះ របាយការណ៍ដដែល ក៏បានឱ្យដឹងដែរថា ត្រីបាឡែន ១១ក្បាល អាចរត់គេចខ្លួនពីក្រុមអ្នកស្រាវជ្រាវ ដោយសម្ងំលាក់ខ្លួននៅក្នុងទឹកមានជម្រៅ និងសម្ពាធខ្ពស់។ កម្មវិធីវិទ្យាសាស្ត្រត្រីបានឡែនរបស់ជប៉ុនឈ្មោះថា NEWREP-A ធ្វើឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៨៣ថ្ងៃ នៃការប្រមាញ់ត្រីបាឡែននៅតំបន់មហាសមុទ្រជាប់ទ្វីបអង់តាក់ទិកប៉ូលខាងត្បូង។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Conversation កម្មវិធី NEWREP-A ឬគេស្គាល់ថា កម្មវិធីវិទ្យាសាស្ត្រស្រាវជ្រាវត្រីបាឡែននៅឯមហាសមុទ្រអង់តាក់ទិច ត្រូវបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីជំនួសកម្មវិធីចាស់របស់ជប៉ុនឈ្មោះ JARPA II ដែលត្រូវបាន គណកម្មការត្រីបាឡែនអន្តរជាតិ (IWC) ចាត់ទុកថា ផ្ទុយទៅនឹងច្បាប់រួមទាំងបទបញ្ញតិនេសាទត្រីបាឡែន៕