(ស៊ីរី)៖ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋស៊ីរី Sana បានអះអាងថា ទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់អាមេរិក​ គឺជាអ្នករៀបចំ​គំរោងវាយប្រហារ​ដោយ អាវុធគីមី​នៅក្នុង​ប្រទេសស៊ីរី ហើយប្រទេសមួយ​ចំនួនទៀតដូច​ជាបារាំង និងអង់គ្លេស ក៏បានចូលរួម​ក្នុងការរៀបចំ​ឈុតឆាក វាយ​ប្រហារដោយ​អាវុធគីមីនេះ​ដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik​ នៅព្រឹក​ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។

យោង​តាម Sana​ ទីភ្នាក់ងារស៊ើបការណ៍​សំងាត់​អាមេរិក បាន​និងកំពុងបន្តរៀបចំ​ឈុតឆាក​វាយប្រហារ​​ដោយអាវុធ​គីមី​ នៅក្នុង​ប្រទេស​ស៊ីរី ហើយការ​លើកឡើង​បែបនេះ ធ្វើឡើង​ដោយផ្អែក​លើគណៈកម្មាធិការ​ជាតិ​ស៊ីរី​ សម្រាប់​ការលុបបំបាត់​អាវុធ​គីមី។ Sana បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក និងទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់របស់​ពួកគេ​ បាននិងកំពុង​បន្តរៀបចំឈុតឆាក​វាយប្រហារ​ដោយ អាវុធគីមី​ប្រឆាំងនឹង​ជនស៊ីវិល ​នៅតាមតំបន់មួយ​ចំនួនក្នុង​ប្រទេស​ស៊ីរី ដើម្បីចោទ​ប្រកាន់ និងទម្លាក់កំហុស​លើរដ្ឋាភិបាល​ទីក្រុង​ដាម៉ាស់​»

លើសពីនេះ​ទៅទៀត ទីភ្នាក់ងារ​សារព័ត៌មាន​មួយនេះ​ក៏បានបញ្ជាក់ថា ប្រទេស​ដទៃ​ទៀតដូចជា​បារាំង និង​អង់គ្លេស ក៏ទំនងជា​បាន​និងកំពុងចូលរួម​ជាមួយ​សហរដ្ឋអាមេរិក​ផងដែរ។

គួររំលឹកថា កាលពី​ថ្ងៃទី១៤ ខែមេសា សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបាញ់​មីស៊ីលរាប់សិបគ្រាប់​លើមូលដ្ឋានជា​ច្រើន របស់​កងកម្លាំងរដ្ឋាភិបាល​ស៊ីរី ដែលសង្ស័យថា មានលាក់​អាវុធគីមី ហើយការ​វាយប្រហារនេះ​ ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា ជនស៊ីវិល​ជាច្រើននាក់បាន​ស្លាប់ ដោយ​សារ​ការវាយប្រហារដោយអាវុធគីមី ​នៅក្នុងទីក្រុង​ឌួម៉ា៕