(ញូយ៉ក)៖ សហរដ្ឋអាមេរិកបានស្នើឱ្យបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិជាបន្ទាន់ នៅល្ងាចថ្ងៃពុធនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ដើម្បីពិភាក្សាគ្នាជុំវិញការវាយប្រហារប្រឆាំងអ៊ីស្រាអែលនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃអង្គារ បេសកកម្មទូតអាមេរិកប្រចំា UN បានលើកឡើងយ៉ាងដូច្នេះថា «នៅល្ងាចនេះសហរដ្ឋអាមេរិកបានស្នើឱ្យបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីពិភាក្សាជុំវិញការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ចេញពីតំបន់ Gaza Strip ដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធដទៃទៀត។ យើងសង្ឃឹមថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃពុធស្អែកនេះ»។
ការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់របស់សហរដ្ឋអាមេរិក កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា គ្រាប់រ៉ុក្កែត ២៨គ្រាប់ ត្រូវបានគេបាញ់ចេញពីតំបន់ Gaza Strip កាលពីថ្ងៃអង្គារចូលក្នុងទឹកដីអ៊ីស្រាអែល ដោយបណ្ដាលឱ្យមនុស្ស ០៥នាក់រងរបួស។ ចំណែកឯសារព័ត៌មាន Times of Israel បានអះអាងថា ក្រុមហាម៉ាស់ប៉ាឡេស្ទីន គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយការឆ្លើយតបកងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស លើគោលដៅចំនួន ៣០ របស់ក្រុមហាម៉ាស់នៅឯភាគខាងត្បូងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានជំទាស់ជារឿយៗ នឹងសំណើកោះប្រជុំក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ជុំវិញការបាញ់សម្លាប់ជនជាតិប៉ាឡស្ទីន ដោយទាហានអ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN ក៏បានធ្លាប់បានព្រមានដែរថា ប្រទេស ឬក៏អ្នកណាដែលហ៊ានរករឿងអ៊ីស្រាអែល គឺមានន័យស្មើនឹងរករឿងជាមួយសហរដ្ឋអាមេរិក៕