(តេហេរ៉ង់)៖ ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់ បានចេញមុខថ្កោលទោសពេញមួយទំហឹង និងបង្ហាញក្តីខឹងសម្បារយ៉ាងខ្លាំងផងដែរ ចំពោះសហរដ្ឋអាមេរិក ក្រោយពីតុលាការនៃប្រទេសមហាអំណាចមួយនេះ បានធ្វើការកាត់សេចក្តី ដោយដាក់ប្រទេសអ៊ីរ៉ង់ទៅក្នុងការពាក់ព័ន្ធនៃព្រឹត្តិការណ៍មហាភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលជាសោកនាដកម្មធំធេងបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បានថ្លែងបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា «ទីក្រុងតេហេរ៉ង់សូមទាត់ចោលទាំងស្រុង នូវការចេញសាលក្រមពីបរទេសបែបនេះ ដែលជាសាលក្រមខុសច្បាប់»។ រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានបង្កើតយុទ្ធនាការទ្រង់ទ្រាយធំ នៅតាមកញ្ចក់ទូរទស្សន៍រដ្ឋទាំងអស់ ដើម្បីសម្តែងការជំទាស់ និងថ្កោលទោសការសម្រេចរបស់តុលាការអាមេរិកនោះផងដែរ។
គួរបញ្ជាក់ថា កាលពីដើមខែឧសភា តុលាការទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក បានចេញដីកាបង្គាប់ឲ្យអ៊ីរ៉ង់ ធ្វើការសងជំងឺចិត្តជាទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ទៅដល់ក្រុមគ្រួសារជនរងគ្រោះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលជាថ្ងៃក្រុមភេរវករបានបញ្ជាយន្តហោះ ទៅបុកអគារភ្លោះពាណិជ្ជកម្មពិភពលោក កណ្តាលទីក្រុងមួយនេះ បានបណ្តាលឲ្យបាក់រលំ និងសង្កត់មនុស្សស្លាប់ ២,៩៩៦នាក់។
អាមេរិកអះអាងថា ខ្លួនមានភស្តុតាងបញ្ជាក់ថា អ៊ីរ៉ង់ពិតជាបានជាប់ពាក់ព័ន្ធរឿងនេះ ប៉ុន្តែអ៊ីរ៉ង់អះអាងតបវិញថា តុលាការអាមេរិកធ្វើការសម្រេចចិត្ត ដោយគ្មានភស្តុតាងអ្វីជាដុំកុំភួននោះឡើយ។ អ៊ីរ៉ង់ថែមទាំងព្រលយមួយឃ្លាទៀតថា ភេរវករដែលបានរៀបចំមហាភេរវកម្មខាងលើនេះ គឺមានប្រភពមកពីប្រទេសសម្ព័ន្ធអាមេរិក (អារ៉ាប៊ីសាអូឌីត) ខ្លួនឯងហ្នឹងហើយ៕