(សិង្ហបុរី)៖ លោក គីម ចាងសុន (Kim Chang Son) មន្រ្តីជាន់ខ្ពស់នៃគណៈកម្មការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) និងមេដឹកនាំគណៈប្រតិភូផ្លូវការរបស់កូរ៉េខាងជើង បានបង្ហាញខ្លួននៅសិង្ហបុរីនៅថ្ងៃអង្គារនេះ និងបានជួបប្រជុំគ្នារួចហើយ ជាមួយមន្ត្រីតំណាងអាមេរិក។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន ស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី ២៩ ខែឧសភា ២០១៨។
អ្នកថតរូបរបស់សារព័ត៌មាន ស៊ីនហួរ បានមើលឃើញលោក គីម ចាងសុន ចេញពីសណ្ឋាគារ ហ្វូលឺតុន (Fullerton) របស់ប្រទេសសិង្ហបុរី និងបានធ្វើដំណើរក្នុងរថយន្តពណ៌ខ្មៅ Mercedes Benz ដ៏ប្រណិតមួយគ្រឿងផងដែរ។
រីឯសមាជិក គណៈប្រតិភូផ្សេងទៀត បានចេញដំណើរពីសណ្ឋាគារក្នុងរថយន្ដតូចពណ៌សមួយ។ មន្ត្រីនៃសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានជួបគ្នានៅសិង្ហបុរីនៅថ្ងៃអង្គារនេះ ដោយគណៈប្រតិភូអាមេរិក ត្រូវបានដឹកនាំដោយលោក ចូសិព ហាជីន (Joseph Hagin) មន្ត្រីជាន់ខ្ពស់ នៃសេតវិមាន។
គួរបញ្ជាក់ថា មន្រ្តីដែលមកពីភាគីទាំងពីរត្រូវបានគេរាយការណ៍ថា បានពិភាក្សាអំពីបញ្ហាសន្តិសុខ និងពិធីការសម្រាប់កិច្ចប្រជុំកំពូល នៃមេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ៕