(វីយែន)៖ មហាយក្សចិនបានប្រកាសបើកទទួលស្វាគមន៍ ដល់រាល់សមាជិកនៃអង្គការសហប្រជាជាតិ ក្នុងការចូលរួមសហការប្រើប្រាស់រួមគ្នា នូវស្ថានីយអវកាសចិន CSS (China Space Station) ដែលគ្រោងនឹងធ្វើឡើងនាពេលប៉ុន្មានឆ្នាំ ខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតចិនប្រចាំ UN លោក ស៊ី ចុងជុន (Shi Zhongjun) ដែលបាននិយាយយ៉ាងដូច្នេះថា «ស្ថានីយ CSS ពុំត្រឹមជាកម្មសិទ្ធិរបស់ចិនតែម្នាក់ឯងប៉ុណ្ណោះទេ តែវាក៏ជារបស់ពិភពលោកទាំងមូលផងដែរ»។ លោក Shi បានបន្តថា រាល់ប្រទេសទាំងអស់ ដោយមិនខ្វល់ពីទំហំ និងកម្រិតនៃការអភិវឌ្ឍរបស់ពួកគេឡើយ គឺអាចចូលរួមក្នុងកិច្ចសហប្រតិបត្តិការដោយស្មើភាពគ្នាបាន។
គួរជម្រាបថា ស្ថានីយ CSS ត្រូវគេរំពឹងថា នឹងបាញ់បញ្ជូនទៅកាន់ទីអវកាសនៅឆ្នាំ២០១៩ ហើយចាប់ផ្តើមការដំឡើងនៅឆ្នាំ២០២០ និងអាចធ្វើប្រតិបត្តិការដោយដៃពេញជើងបាននៅឆ្នាំ២០២២។ យ៉ាងណាមិញ សម្រាប់ជំហានដំបូង CSS នឹងមានចំណុះអាចផ្ទុកអវកាសយានិកបានត្រឹម ០៣នាក់ ប៉ុណ្ណោះក្នុងពេលជាមួយគ្នា៕