(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែលនាថ្ងៃអង្គារនេះ បានឲ្យដឹងថា ការវាយប្រហារដោយកាំភ្លើងត្បាល់ ត្រូវបានធ្វើឡើងពីតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអង្គារនេះ គ្រាប់កាំភ្លើងត្បាល់ប្រមាណ ២៥គ្រាប់ ត្រូវបានផ្លោងចូលមកកាន់ទឹកដីភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ប៉ុន្តែពុំបានបណ្តាលឲ្យមានមនុស្សរងគ្រោះឡើយ ខណៈដែលគ្រាប់ភាគច្រើន ត្រូវបានបាញ់ស្ទាក់ដោយប្រព័ន្ធប្រឆាំងគ្រាប់រ៉ុក្កែត Iron Dome របស់អ៊ីស្រាអែល។
មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយ បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារខាងលើនៅឡើយទេ ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែល បានដាក់ការសង្ស័យទៅលើក្រុមជីហាដរបស់ប៉ាឡេស្ទីន មានមូលដ្ឋាននៅហ្គាហ្សា ដែលបានបាត់បង់សមាជិករបស់ខ្លួន នៅពេលអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើមូលដ្ឋានអង្កេតការណ៍យោធាមួយ កន្លែងនៅតំបន់ហ្គាហ្សា។
គួរជម្រាបថា ហេតុការណ៍នេះបានកើតមានឡើង បន្ទាប់ពីការផ្ទុះភាពតានតឹងយ៉ាងក្តៅគគុក នៅឯខ្សែបន្ទាត់ព្រំដែនដែលខណ្ឌចែកតំបន់ហ្គាហ្សា និងអ៊ីស្រាអែល ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ។ គិតមកទល់ពេលនេះ ទាហានអ៊ីស្រាអែល បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១០០នាក់ នៅហ្គាហ្សា ចាប់តាំងពីការធ្វើបាតុកម្មជារៀងរាល់សប្តាហ៍ ដែលបានចាប់ផ្តើមឡើងជាលើកដំបូង កាលពីចុងខែមីនា៕