(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​នៅថ្ងៃអង្គារនេះ បានជំរុញឱ្យ​សហរដ្ឋអាមេរិក​ បញ្ឈប់ការធ្វើ​សមយុទ្ធយោធា​របស់ខ្លួន​ជាមួយ​កូរ៉េខាងត្បូង ដើម្បីបង្កើត​បរិយាកាសអំណោយ​ផលដល់​កិច្ចចរចា។ នេះបើ​តាមសារព័ត៌មានរដ្ឋ​កូរ៉េខាងជើង រ៉ូដុង ស៊ីនមុន (Rodong Sinmun) ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទ​អត្ថាធិប្បាយ​របស់ខ្លួន សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun ក៏បានកត់​សម្គាល់ដែរថា សមយុទ្ធយោធា​ប្រចាំ​ឆ្នាំរវាង​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​បានបង្កការរំខាន​ដល់សន្តិភាព និងស្ថេរភាព​នៅលើតំបន់​ឧបទ្វីបកូរ៉េ ហើយមិនតែ​ប៉ុណ្ណោះ វាក៏បង្ហាញ​ផងដែរ​ពីចេតនាចង់​ធ្វើសង្រ្គាម​ ប្រឆាំងនឹង​ទីក្រុងព្យុងយ៉ាង។

Rodong Sinmun បានគូស​បញ្ជាក់បន្ថែម​ដូច្នេះថា «នៅ​ពេល​បច្ចុប្បន្ន សមុយទ្ធ​យោធារួមគ្នា​រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​សេអ៊ូល នឹងបង្ហាញថា តើសហរដ្ឋអាមេរិក​ចង់ធ្វើ​សង្រ្គាម ឬក៏ ចង់បាន​សន្តិភាព... ដូច្នេះបើសិនជា​សហរដ្ឋអាមេរិក​មានបំណងចង់​ចរចា​ដោយស្មោះ ទីក្រុងវ៉ាស៊ីនតោន​គួរតែបញ្ឈប់​ការធ្វើសមយុទ្ធ​យោធា និងសកម្មភាព​គំរាមកំហែង​ដៃគូសន្ទនា​របស់ខ្លួនដោយ​កម្លាំង»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​បានបញ្ជាក់ជា​ច្រើនដងថា ការធ្វើសមយុទ្ធ​យោធា​ប្រចំាឆ្នាំរវាង​ប្រទេសទាំងពីរ​នឹងបន្ត ធ្វើឡើងតាម​ការគ្រោងទុក បើទោះជាពួកគេ​កំពុងស្វែងរក​ការចរចា​ ជាមួយ​កូរ៉េខាងជើង​ក៏ដោយ៕