(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានទទួលស្វាគមន៍ប្រធានាធិបតីហៃទី លោក ហ្សូវែណែល ម៉យស៍ (Jovenel Moise) នាឱកាសដែលលោកបំពេញទស្សកិច្ចផ្លូវរដ្ឋ ជាលើកដំបូងមកកាន់កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះ។ ប៉ុន្តែដំណើរទស្សនកិច្ចនេះ កើតមានឡើងនៅក្នុងបរិបទដែលទីក្រុងប៉េកាំង កំពុងប្រើឥទ្ធិពលការទូត និងសេដ្ឋកិច្ចអូសទាញបណ្ដាប្រទេសជាមិត្តរបស់កោះតៃវ៉ាន់ មកធ្វើជាមិត្តរបស់ខ្លួនវិញ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងរយៈពេលជាងពីរខែមកនេះ តៃវ៉ាន់បានបាត់បង់សម្ព័ន្ធមិត្តដល់ទៅពីរ គឺសាធារណៈរដ្ឋដូមីនិក និងប្រទេស បួរគីណាហ្វាសូ (Burkina Faso) ដែលទើបតែបានសម្រេចចិត្តកាត់ផ្ដាច់ចំណងការទូតជាមួយទីក្រុងតៃប៉ិ មកបង្កើតទំនាក់ទំនងឡើងវិញជាមួយទីក្រុងប៉េកាំង។ ដោយឡែក ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហៃទី លោក Jovenel Moise ជាមួយក្រុមប្រតិភូ ៣០នាក់ ធ្វើឡើងនៅចំពេលមានសេចក្ដីរាយការណ៍ជាច្រើនថា ប្រទេសក្នុងតំបន់ការីប៊ីនមួយនេះអាចនឹងក្លាយជាប្រទេសបន្ទាប់ ដែលងាកមកបង្កើតទំនាក់ទំនងជាមួយចិន ហើយអនុវត្តន៍នយោបាយចិនតែមួយ។
តែយ៉ាងណាក៏ដោយ ថ្លែងនៅឯពិធីទទួលស្វាគមន៍ លោកស្រី Tsai Ing-wen នៅតែបង្ហាញពីក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងហៃទី និងកោះតៃវ៉ាន់ នឹងនៅឋិតឋេរជារៀងរហូត។ «យើងសូមអរគុណ ចំពោះការគាំទ្ររយៈពេលដ៏យូរមកហើយ របស់ហៃទីចំពោះតៃវ៉ាន់ ក៏ដូចជាការចូលរួមរបស់យើងនៅលើឆាកអន្តរជាតិ។ ភាគីទាំងពីរនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ខណៈសម្ព័ន្ធ ភាពរវាងប្រទេសទាំងពីរ នឹងនៅតែបន្តឋិតឋេរជារៀងរហូត»។ នេះបើតាមលោកស្រីប្រធានាធិបតីតៃវ៉ាន់។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ និងហៃទី បានភ្ជាប់ចំណងមិត្តភាពតាំងតែពីឆ្នាំ១៩៥៦ មកម្ល៉េះ។ ប៉ុន្តែធាតុពិតជាក់ស្តែងនៅលើឆាកអន្តរជាតិ តៃវ៉ាន់តាមផ្លូវច្បាប់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ ដូច្នេះចិនមិនទទួលស្គាល់ឡើយ រាល់ការភ្ជាប់ទំនាក់ទំនងការទូតដោយផ្ទាល់ជាមួយទីក្រុងតៃប៉ិ ពីសំណាក់ប្រទេសផ្លូវការដទៃ៕