(ម៉ូស្គូ)៖ ប្រព័ន្ធអេឡិចត្រូនិក​សម្រាប់ប្រើប្រាស់​ ក្នុងសមរភូមិថ្មីរបស់រុស្ស៊ី នឹងត្រូវអភិវឌ្ឍន៍​ឡើងនៅក្នុង​រយៈពេល ០៣ឆ្នាំ ដោយឈរលើមូល​​ដ្ឋាន​នៃ​ទិន្នន័យ​​ទទួលបាន​ពីការសិក្សា​ទៅលើ​គ្រាប់​មីស៊ីល​ប្រដេញ តូម៉ាហក (Tomahawk) របស់​សហរដ្ឋអាមេរិក ដែលត្រូវបាន​នាំយកមកកាន់​​រុស្ស៊ី​ពី​ប្រទេសស៊ីរី។ នេះបើតាម​សម្តីរបស់ លោក វ្ល៉ាឌីមៀ ម៉ាឃីវ (Vladimir Mikheev) អគ្គនាយករង​ក្រុមហ៊ុនអភិវឌ្ឍន៍​បច្ចេកវិទ្យាយោធា​​របស់រដ្ឋាភិបាលរុស្ស៊ី​ហៅ​​កាត់ថា ក្រេត (KRET) ដក​ស្រង់​ដោយ​សារ​ព័ត៌មានរុស្ស៊ី Sputnik នៅ​​រសៀលថ្ងៃ​​អង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។

យោធាស៊ីរី​បានរកឃើញ​គ្រាប់មីស៊ីល Tomahawk មិនទាន់ផ្ទុះ​ចំនួន ០២គ្រាប់ នៅក្រោយការ​វាយប្រហារ ដោយ​ការបាញ់ស្រោចមីស៊ីល​ទៅ​លើ​ប្រទេសស៊ីរី ពីសំណាក់​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និងបារាំង​កាលពី​ថ្ងៃទី១៤ ខែមេសា​កន្លងទៅ ហើយ​រដ្ឋាភិបាល​ទីក្រុងដាម៉ាស់​ បានសម្រេច​ប្រគល់ពួកវា​មកឲ្យប្រទេស​រុស្ស៊ី។

គួរជម្រាបថា តាមរយៈការ​សិក្សាស្វែង​យល់ពី​ព័ត៌មាន​សំខាន់ៗ ទៅលើ​មីស៊ីល Tomahawk វានឹងជួយ​ប្រទេស​រុស្ស៊ី បានយ៉ាងច្រើនក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា ដើម្បីទប់ទល់​ប្រកបដោយ​ប្រសិទ្ធភាព​ជាងមុន ជាមួយមីស៊ីល​ប្រដេញ​ដ៏មានអានុភាព​នេះ៕