(សេអ៊ូល)៖ មន្រ្តីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកកិច្ចពិភាក្សាកម្រិតការងារជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
មន្រ្តីជាន់ខ្ពស់ខាងលើគឺលោក គីម យុងចុល ដែលជាមេទ័ពកូរ៉េខាងជើងមួយរូបផងដែរនោះ បានធ្វើដំណើរចាកចេញទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកកិច្ចពិភាក្សាជាមួយភាគីអាមេរិក ជុំវិញគម្រោងកិច្ចប្រជុំកំពូលរវាងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានបង្ហាញពីតំរុយវិជ្ជមានមួយផ្សេងទៀត នៃកិច្ចត្រៀមរៀបចំសម្រាប់ជំនួកបកំពូលជាប្រវត្តិសាស្រ្តកូរ៉េខាងជើង-អាមេរិក ដែលត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី៕