សហរដ្ឋអាមេរិក «សម្រេចចិត្តធ្វើរឿងល្អមួយ» ដើម្បីតបស្នងឥរិយាបទវិជ្ជមានរបស់កូរ៉េខាងជើង... (Video inside)
29-05-2018 12:47
(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្ត «ផ្អាកការដាក់កញ្ចប់ទណ្ឌកម្មថ្មី» ដែលត្រូវបានត្រៀមរួចជាស្រេច ដើម្បីប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ស្របពេលដែលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន ក្នុងស្រុកអាមេរិក ដែលត្រូវបានដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សេតវិមានបានបញ្ចេញលិខិតរបស់លោក ដូណាល់ ត្រាំ ដែលបានជូនដំណឹងទៅកាន់លោក គីម ជុងអ៊ុន អំពីការសម្រេចចិត្តរបស់លោក ក្នុងការលុបចោលជំនួបកំពូល រវាងប្រទេសទាំងពីរនៅប្រទេសសិង្ហបុរី ដែលត្រូវបានកំណត់ថា នឹងរៀបចំឡើងនៅថ្ងៃទី១២ ខែមិថុនា។ ប៉ុន្តែក្រោយមក លោក ត្រាំ បានប្រែទៅជានិយាយដូច្នេះវិញថា លោកនៅតែចង់ជួបមុខលោក គីម ដូចការគ្រោងទុកដដែល។
គួរជម្រាបថា បើតាមសារព័ត៌មានអាមេរិក Wall Street Journal ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាស្រេចដើម្បីដាក់ទណ្ឌកម្មកាន់តែធ្ងន់ថែមទៀត ទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែបានសម្រេចផ្អាកទៅវិញ បន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តស្រោចស្រង់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត របស់លោកជាមួយលោក គីម ឡើងវិញ៕