(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យដឹងថា ខ្លួននឹងបញ្ចេញរបាយការណ៍ទំាងស្រុងជាសាធារណៈ និងប្រកបដោយតម្លាភាពជុំវិញប្រតិបត្តិការ តាមស្វែងរកជើងហោះហើរ MH370។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីថ្មី លោក អាន់ថូនី លូក ស៊ូ ហ្វូក (Anthony Loke Siew Fook) ក្រុមហ៊ុនអាមេរិក Ocean Infinity ដែលជំនាញខាង រុករកត្រូវបានគេរំពឹងថា នឹងដាក់របាយការណ៍ទាំងស្រុង ទៅកាន់រដ្ឋាភិបាលទីក្រុងគូឡាឡាំពួរ នៅពេលដ៏ខ្លីខាងមុខនេះ ខណៈប្រតិបត្តិ ការរុករកតាមផ្លូវអាកាសនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ។ «ប៉ុន្តែខ្ញុំអាចធានាបានថា របាយការណ៍ទាំងស្រុងអាចនឹងត្រូវបានចេញ ផ្សាយជាសាធារណៈ និងប្រកបដោយតម្លាភាព ដោយគ្មានការបិទបាំងអ្វីនោះទេ ក្នុងនោះរួមមានទាំងបញ្ហាចម្រូងចម្រាស់ផងដែរ»។ នេះជាការលើកឡើងរបស់ លោក Anthony ប្រាប់ក្រុមអ្នកសារព័ត៌មាន។
គួររំលឹកថា កាលពីថ្ងៃពុធសប្ដាហ៍មុន លោក Anthony ធ្លាប់បានប្រកាសថា ការរុករកយន្តហោះ MH370 ជាលក្ខណៈឯកជនដែល ប្រទេសម៉ាឡេស៊ីបានជួលក្រុមហ៊ុនអាមេរិក Ocean Infinity ឲ្យធ្វើការងារនោះនឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែឧសភា។ រដ្ឋាភិបាល ម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុននាវាចរ និងរុករកដែនសមុទ្ររបស់អាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ កាលពីខែមករា ឆ្នាំ២០១៨ តាមរយៈពាក្យស្លោកមួយថា «រកមិនឃើញមិនទទួលកម្រៃ» ហើយវាមានរយៈពេលមួយឆ្នាំ បន្ទាប់ពីការរុករកដោយក្រុមជំនាញអូស្ត្រាលី និងចិននៅក្នុងមហាសមុទ្រឥណ្ឌា ត្រូវបានបញ្ចប់ជាផ្លូវការ ដោយមានតំរុយតិចតួចបំផុតស្ទើរយកជាការមិនបាន។
ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានជើងហោះហើរពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងបានបាត់ខ្លួនដោយអាថ៌កំបាំង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ក្នុងនោះមាន ១២នាក់ ជាសមាជិកអាកាសយាននិក។ យន្ដហោះនេះ មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ រីឯមូលហេតុក៏មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់ដែរ បើទោះជាក្រុមអ្នកស្វែងរកធ្លាប់បានរកឃើញបំណែកយន្ដហោះជាបន្តបន្ទាប់ក៏ដោយ៕