(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកអាចនឹងបញ្ឈប់ការលក់យន្ដហោះដ្រូនប្រយុទ្ធឱ្យប្រទេសឥណ្ឌា ដោយសារតែទីក្រុងញូដេលី បញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។ នេះបើតាមតំណាងរាស្ត្រអាមេរិក លោក ម៉ាក ថនប៊ែររី (Mac Thornberry) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
លោក Mac Thornberry ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសា្ថនីយទូរទស្សន៍ឥណ្ឌា NDTV នៅថ្ងៃចន្ទសប្ដាហ៍នេះ។ យោងតាមតំណាងរាស្ត្រអាមេរិករូបនេះ ការទិញ S-400 របស់ឥណ្ឌា អាចនឹងធ្វើឱ្យប៉ះពាល់បែបអវិជ្ជមានដល់កិច្ចសហ ប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក។
លោក Thornberry គូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភថា ការទិញ S-400 នឹង មានតែដាក់កម្រិតលើកិច្ចសហប្រតិបត្តិការគ្នារវាងទីក្រុងញូដេលី និងទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ ហើយវាក៏អាចនឹងធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅពេលអនាគតផងដែរ»។
ជាមួយគ្នានោះដែរ បើតាមសា្ថនីយទូរទស្សន៍ឥណ្ឌា NDTV សហរដ្ឋអាមេរិកនឹងបញ្ឈប់ការលក់យន្ដហោះដ្រូនប្រយុទ្ធ Predator C Avenger ឱ្យឥណ្ឌាដែលបានបញ្ជាទិញចន្លោះពី ៨០ ទៅ ១០០គ្រឿង ក្នុងតម្លៃជាង ០៨ពាន់លានដុល្លារ ក្នុងគោលបំណងយកទៅ ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ នៅតំបន់ជាប់ព្រំដែនជាមួយប៉ាគីស្ថាន។ មួយវិញទៀត លោក Mac Thornberry ក៏បានសន្និដ្ឋានដែរថា សហរដ្ឋអាមេរិកអាចនឹងអនុម័តទណ្ឌកម្មជាច្រើន ប្រឆាំងនឹងទីក្រុងញូដេលី សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៊ីក្នុងវិស័យយោធា។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលនាំចូលអាវុធធំជាងគេបំផុតនៅលើពិភពលោក ហើយភាគច្រើន មហាអំណាចមួយនេះទិញអាវុធពីសហរដ្ឋអាមេរិក រុស្ស៊ី អ៊ីស្រាអែល និងបារាំង៕