(សិង្ហបុរី)៖ ក្រុមប្រតិភូកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដែលទទួលបន្ទុករៀបចំ កិច្ចពិភាក្សាកម្រិតខ្ពស់ ស្ដីពីការរៀបចំកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីហើយ នាថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
ក្រុមប្រតិភូកូរ៉េខាងជើងមានសមាជិក ០៨រូប ដឹកនាំដោយលោក គីម ចាងសុង (Kim Chang-son) ជាសមាជិកគណៈកម្មការកិច្ចការរដ្ឋបានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន ឆាងគី (Changi) ប្រទេសសិង្ហបុរី នៅម៉ោង ២២៖៤០នាទីយប់ (ម៉ោងនៅក្នុងតំបន់)។ ដោយឡែកទន្ទឹមគ្នា ក្រុមប្រតិភូអាមេរិកដឹកនាំដោយអគ្គលេខារងសេតវិមាន លោក ចឺ ហាជីន (Joe Hagin) ក៏បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ផងដែរ ដោយចាកចេញពីប្រទេសជប៉ុន។
គួរបញ្ជាក់ថា លោក គីម ចាងសុន និងលោក Joe Hagin គ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នាពីការរៀបចំ ជំនួបកំពូលរវាងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី៕