(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទបានលើកឡើងថា ការរុះរើទីតាំងបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ Punggye Ri កាលពីសប្តាហ៍មុនរបស់ខ្លួន បានបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការបំពេញការងារដើម្បីពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៨ ខែឧសភានេះ។
សារព័ត៌មានផ្លូវការ Rodong Sinmun របស់កូរ៉េខាងជើងបានឲ្យដឹង នៅថ្ងៃចន្ទនេះថា វិធានការវិជ្ជមានដែលធ្វើឡើងដោយកូរ៉េខាងជើង ក្នុងការរុះរើទីតាំងបាញ់សាកល្បង អាវុធនុយក្លេអ៊ែរក្រោមដី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ពិភពលោក។ សារព័ត៌មានដដែលនេះបានបន្ថែមថា ដោយបានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ មកផ្តិតយករូបភាពនៃព្រឹត្តិការណ៍នេះ, កូរ៉េខាងជើង បានបង្ហាញពីតម្លាភាពនៅក្នុងការបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។
គណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាចបានលើកឡើងកាលពីខែមុន ក្នុងការធ្វើសម័យប្រជុំពេញអង្គថា កូរ៉េខាងជើង នឹងបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល ហើយនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួន ស្តីពីការកសាងសេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវការរស់នៅនៃប្រជាពលរដ្ឋរបស់ខ្លួន៕