(រ៉ាម៉ាឡា)៖ នៅថ្ងៃចន្ទនេះប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាហ៍ម៊ូដ អាប់បាស់ (Mahmoud Abbas) បានចាកចេញពីមន្ទីរពេទ្យដែលស្ថិតនៅទីក្រុងនៃទីក្រុងរ៉ាម៉ាឡា នៃតំបន់វែសត៍ប៊ែង (West Bank) ហើយ ក្រោយពីរយៈពេល ០៨ថ្ងៃ ដែលលោកត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដោយសារជំងឺរលាកសួត និងគ្រុនក្តៅខ្លាំង។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួរ ចេញផ្សាយនៅយប់ថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
នៅខាងក្រៅមន្ទីរពេទ្យពិគ្រោះ និងព្យាបាលជំងឺក្នុងទីក្រុង រ៉ាម៉ាឡាហ៍ នោះ លោក អាប់បាស់ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំនឹងត្រឡប់ទៅធ្វើការវិញនៅថ្ងៃស្អែក ហើយអរគុណព្រះជាម្ចាស់ និងមន្ទីរពេទ្យដ៏អស្ចារ្យមួយនេះ ដែលជាគំរូដ៏ប្រសើរក្នុងចំណោមមន្ទីរពេទ្យរបស់ពួកយើង»។ លោក អាប់បាស់ បានមានប្រសាសន៍ទៀតថា «ប្រសិនបើទីក្រុងហ្សេរុយសាឡឹម បាននាំខ្ញុំមកដល់មន្ទីរពេទ្យ ហើយឥឡូវនេះជាពេលយើងចាកចេញពីមន្ទីរពេទ្យ, យើងចង់ឲ្យក្រុងហ្សេរុយសាឡឹមក្លាយជា រដ្ឋធានីនៃរដ្ឋឯករាជ្យប៉ាឡេស្ទីនរបស់ពួកយើង»។
គួរបញ្ជាក់ថា លោក អាប់បាស់ ដែលមានអាយុ ៨២ឆ្នាំរូបនេះ បានផ្ញើការគោរព និងអរគុណជូនចំពោះមេដឹកនាំពិភពលោក ដែលបានធ្វើការទាក់ទងផ្ទាល់ជាមួយលោក ដើម្បីឲ្យប្រាកដថា លោកមានអារម្មណ៍ប្រសើរជាងមុន។ សម្រាប់ស្ថានការណ៍នៅតំបន់ West Bank និងហ្គាសាស្ទ្រីព នៅតែក្នុងស្ថានភាពមិនល្អដដែល ខណៈការតវ៉ាតាមព្រំដែនហ្គាសា និងអ៊ីស្រាអែលកំពុងតានតឹង ដោយសារតែការទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ដោយសហរដ្ឋអាមេរិក