(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានបង្ហើរសារមួយឃ្លាថា «ការរំសាយចោលនូវទីតាំងធ្វើតេស្តនុយក្លេអ៊ែរ ភុងគ្យេរី (Punggye Ri) កាលពីសប្តាហ៍មុននេះ គឺបង្ហាញអំពីឆន្ទៈរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបង្កើតពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង រ៉ូដុង ស៊ីមុន (Rodong Sinmun) នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
សារព័ត៌មានខាងលើនេះ ថែមទាំងបានបញ្ជាក់ទៀតថា ការបោះជំហានប្រកបដោយភាពវិជ្ជមានរបស់កូរ៉េខាងជើង នោះគឺការរំសាយចោលនូវទីតាំងធ្វើតេស្តនុយក្លេអ៊ែរ ស្ថិតនៅភាគឦសានប្រទេស គឺទទួលបាននូវការឆ្លើយតបប្រកបដោយភាពល្អប្រសើរយ៉ាងខ្លាំងពីអន្តរជាតិ។ បន្ថែមពីនេះ ការអញ្ជើញបណ្តាអ្នកសារព័ត៌មានបរទេស ឲ្យមកពិនិត្យភាពជាក់ស្តែង នៃការរំលាយទីតាំង Punggye Ri នោះវាគឺចេតនារបស់កូរ៉េខាងជើង ក្នុងការបង្កើតតម្លាភាពបន្ថែមទៀត ទៅដល់ក្រសែភ្នែកសកលលោក។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រទេសកូរ៉េខាងជើងបានប្រកាសទាំងស្រុង នូវការរំសាយទីតាំងធ្វើតេស្តនុយក្លេអ៊ែរ ធំបំផុតនៅក្នុងប្រទេសរបស់ខ្លួនជាផ្លូវការតែម្តង ដោយមានអ្នកសារព័ត៌មានល្បីៗរបស់អន្តរជាតិមកពីអឺរ៉ុប អាស៊ី និងអាមេរិក បានចូលរួមផ្តិតយកទិដ្ឋភាពទាំងមូល។ កាយវិការនេះ ក៏ជាការទាក់ទាញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមបើកកិច្ចពិភាក្សាកំពូលជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ឡើងវិញផងដែរ ក្រោយពីបានធ្វើការលុបចោលនៅថ្ងៃដដែលនោះ៕