(ប៉េកាំង)៖ ការជីកអណ្តូងដ៏ជ្រៅមួយ សម្រាប់បម្រើវិស័យវិទ្យាសាស្រ្ត ទីបំផុតបានបញ្ចប់ជាស្ថាពរនៅភាគឦសាននៃប្រទេសចិន នាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
អណ្តូងខាងលើមានជម្រៅ ៧,០១៨ម៉ែត្រ ស្ថិតនៅក្នុងគម្រោងមានឈ្មោះថា Songke 2 និងមានទីតាំងស្ថិតនៅក្រុង អាន់ដា (Anda) នៃខេត្តហៃឡុងជាំង (Heilongjian) ប្រទេសចិន។ វាត្រូវបានគេចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់ទីភ្នាក់ស្ទាបស្ទង់ភូមិសាស្រ្តចិន សហការជាមួយអង្គការប្រមាណ ២០ទៀត។ អណ្តូងដែលស្ថិតនៅក្នុងតំបន់ដីសណ្តរ សុងឡាវ (Songliao) នេះ មានផ្ទុកនូវធនធានប្រេង និងឧស្ម័ធម្មជាតិដ៏សំខាន់ៗរបស់ប្រទេសចិន។
គួរជម្រាបថា អណ្តូង Kola នៅភាគពាយ័ព្យប្រទេសរុស្ស៊ី នៅតែបន្តកាន់តំណែងជាអណ្តូងដែលជ្រៅជាងគេបំផុតលើផែនដី ដោយវាត្រូវបានគេខួងចូលទៅក្នុងផ្ទៃផែនដី រហូតដល់ទៅជម្រៅ ១២,២៦២ម៉ែត្រ កាលពីឆ្នាំ១៩៨៩ ហើយក៏បានទទួលរងការរិះគន់ថា ជាការបំផ្លាញបរិស្ថានធ្ងន់ធ្ងរផងដែរ៕