(បរទេស)៖ នៅលើពិភពលោកយើងនេះ មានប្រទេសទាំងអស់ចំនួន ១៩៤ (ផ្លូវការ) ហើយក្នុងនោះប្រទេសនីមួយៗ គឺមានផ្ទៃដីចាប់ពីមួយផ្ទាំងឡើងទៅ ឬផ្ទាំងទ្វីបខ្លះមានប្រទេសជាប់ព្រំប្រទល់គ្នាឆ្វាត់ឆ្វែង។ ប្រទេសខ្លះមានផ្ទៃដីបិទជិត (គ្មានព្រំដែនជាប់សមុទ្រ) ដូចជាប្រទេស ម៉ុងហ្គោលី និងឆាដជាដើម ខណៈប្រទេសខ្លះទៀតត្រូវបានព័ទ្ធជុំវិញទៅដោយសមុទ្រជុំទិស ដូចជាអូស្ត្រាលី នូវែលសេឡង់ ឬក៏ម៉ាដាហ្គាស្កាជាដើម។
ក្នុងនោះប្រទេសដីកោះ ឬប្រទេសដែលមានដែនកោះច្រើន គិតចាប់តាំងពីដីដុះឆ្ងុយចេញពីផ្ទៃសមុទ្រ ឬមួយថ្មប៉ប្រះទឹកខ្នាតធំពិតជាមានច្រើនគួរសមដែរ រាប់ចាប់ពីពីរបីទៅបួន ឬក៏ឈានដល់រាប់ម៉ឺនកោះទៀតផងសម្រាប់ប្រទេសខ្លះ។ ខាងក្រោមនេះ គឺជាប្រទេសដែលមានដីកោះច្រើនជាងគេបំផុតលើលោកចំនួន ០៧ ដែលរាប់យកគ្រប់ទីទួល ដែលផុសអណ្តែតចេញផុតពីផ្ទៃសមុទ្រតែម្តង៖
៧. ហ្វីលីពីន៖ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បើតាមតួលេខថ្មីចុងក្រោយបំផុត គឺមានកោះចំនួន ៧,៦៤១កោះ ដែលផ្តុំគ្នាជាប្រជុំកោះធំៗ ០៣រួមមាន Luzon, Visayas, និង Mindanao។
៦. អូស្រ្តាលី៖ បើតាមស្ថិតិផ្លូវការ ប្រទេសដែលនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះ (ទ្វីបអូសេអានី) មានកោះសរុបចំនួន ៨,២២២ ដោយភាគច្រើននៅស្ថិតនៅរដ្ឋអូស្រ្តាលីភាគខាងលិច (មាន៣,៧៤៧កោះ) បន្ទាប់មករដ្ឋ Queensland (មាន១,៩៥៥កោះ)។ ចំណែកនៅរដ្ឋ Tasmania មាន១,០០០កោះ រដ្ឋ Northern Territory មាន ៨៨៧កោះ និងរដ្ឋអូស្រ្តាលីភាគខាងត្បូងមាន ៣៤៦កោះ។ កោះដែលធំជាងគេដោយដករដ្ឋ Tasmania និងប្រទេសអូស្រ្តាលីផ្ទាល់ គឺកោះ Melville ដែលស្ថិតនៅភាគខាងជើងទីក្រុង Darwin។
៥. ឥណ្ឌូណេស៊ី៖ សម្រាប់ចំនួនកោះជាក់លាក់ នៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺមានភាពខុសគ្នាច្រើន ដោយរបាយការណ៍មួយចំនួនអះអាងថា មាន ១៨,៣០៧កោះ ខ្លះថា ១៧,៥០៨កោះ និងដទៃទៀតថា ១៣,៤៦៦កោះ។
៤. កាណាដា៖ ស្ថិតនៅទី្វបអាមេរិកខាងជើងកាណាដា មានកោះយ៉ាងតិចចំនួន ៣០,០០០កោះ ដែលកោះភាគច្រើនបំផុតស្ថិតនៅភាគខាងជើង និងឦសាន ហើយជាកោះទឹកកកស្ទើរតែទាំងអស់ ដែលមិនសូវជាមានមនុស្សរស់នៅនោះឡើយ ព្រោះវាត្រជាក់ខ្លាំងពេក។
៣. ន័រវែស៖ ប្រទេសអឺរ៉ុបមួយនេះមានកោះច្រើនជាង ៥០,០០០កោះ ដែលលាតសន្ធឹងចាប់ពីប្រជុំកោះ Svalbard នៅតំបន់ Arctic Circle រហូតដល់កោះ Bouvet ដែលជាកោះដាច់ស្រយាលបំផុតមួយនៅលើផែនដីនិងជាទីជម្រកសម្រាប់តែសត្វបក្សី និងតោសមុទ្រប៉ុណ្ណោះ នៅឯភាគខាងត្បូងសមុទ្រអាត្លង់ទិក។
២. ហ្វាំងឡង់៖ ស្ថិតនៅក្បែរន័រវែស ប្រទេសអឺរ៉ុបមួយនេះមានកោះចំនួន ១៧៩,៥៨៤ ដោយរាប់បញ្ចូលកោះទាំង ៩៨,០៥០ នៅតាមបឹងចំនួន ១៨៨,០០០កន្លែង របស់ប្រទេសនេះ។ ហ្វាំងឡង់ក៏ត្រូវបានចាត់ចូលជាប្រទេស ដែលមានអាកាសធាតុត្រជាក់ខ្លាំងផងដែរ។
១. ស៊ុយអែត៖ ស្ថិតនៅចន្លោះន័រវែស និងហ្វាំងឡង់ប្រទេសស៊ុយអែតគឺជាប្រទេសដែលមានកោះច្រើនជាងគេបង្អស់លើលោក គឺដល់ទៅ ២៥៧,៥៧០កោះ តែក្នុងចំណោមនោះមានត្រឹម ៩៨៤កោះប៉ុណ្ណោះ ដែលមានមនុស្សរស់នៅ៕
ប្រភព៖ Telegraph អង់គ្លេស