(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ត្រូវបានគេរាយកការណ៍ថា បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយនៅថ្ងៃចន្ទនេះ ដែលទំនងជាធ្វើឡើងក្នុងដំណើររបស់លោក ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីតៀមរៀបចំជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ខណៈលោក ដូណាល់ ត្រាំ វិញក៏ទើបបញ្ជូនក្រុមមន្ត្រីអាមេរិកទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរ ស្ថិតក្នុងគោលដៅដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
យ៉ុនហាប់ ផ្អែកលើប្រភពពីមន្ត្រីទូតជាច្រើននាក់បានឱ្យដឹងទៀតថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរូបនេះ កំពុងដឹកនាំប្រតិភូពិភាក្សាពី ការធ្វើដំណើរ និងបញ្ហាសន្តិសុខទាក់ទិងនឹងការរៀបចំជំនួបរវាងលោក គីម និងលោក ត្រាំ ដែលត្រូវបានគេរំពឹងថា នឹងត្រូវប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។ តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងនៅឡើយទេថា មន្ត្រីជាន់ខ្ពស់រូបនោះជានរណា។
គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកដឹកនាំដោយលោក ចូ ហាជីន (Joe Hagin) ជាអនុអគ្គលេខាធិការសេតវិមានសម្រាប់កិច្ចប្រតិបត្តិការ ក៏ត្រូវបានគេរាយការណ៍ផងដែរថា កំពុងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ក្នុងគោលបំណងពិគ្រោះយោបល់ លើការរៀបចំជំនួបជាមួយកូរ៉េខាងជើង៕