(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មន្រ្តីអាមេរិកមួយក្រុម បានទៅដល់ប្រទេសកូរ៉េខាងជើងហើយ ដើម្បីពិភាក្សាអំពីការរៀបចំ នៃកិច្ចប្រជុំកំពូលរវាងរូបលោក ហើយនិងលោក គីម ជុងអ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
ការបញ្ជាក់ខាងលើពីនេះពីលោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Washington Post បានចុះផ្សាយថា អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូង លោក សាំង គីម (Sung Kim) បានធ្វើដំណើរឆ្លងចូលទៅកាន់ទឹកដីកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីការរៀបចំ ត្រួសត្រាយផ្លូវសម្រាប់ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ជាមួយអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son Hui)។
គួរជម្រាបថា បើតាមកាសែត Washington ដែលបានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ជំនួបខាងលើនេះ នឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ នៅឯភាគខាងជើង ពោលគឺទឹកដីរបស់កូរ៉េខាងជើង នៅតំបន់គ្មានយោធា ភូមិ Panmonjum ជាទីដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នាជាលើកទីពីរជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កាលពីថ្ងៃសៅរ៍កន្លងទៅ។
គួររំលឹកផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានចិត្តក្តៅ ធ្លាប់បានប្រកាសលុបចោលជំនួបជាប្រវត្តិសាស្រ្តនេះម្តងរួចទៅហើយ កាលពីសប្តាហ៍មុន ដោយលើកហេតុផលថា កូរ៉េខាងជើងបានធ្វើសេចក្តីថ្លែងការណបញ្ចេញកំហឹង និងមានចេតនាបង្ករឿងដោយចំហ ប៉ុន្តែក៏ក្រោយមកបានប្រែទៅជានិយាយថា កិច្ចប្រជុំនេះនឹងកើតឡើងដូចដើមដដែលវិញ ខណៈទីក្រុងព្យុងយ៉ាង បានបង្ហាញឆន្ទៈនៅតែចង់អង្គុយចរចាជាមួយទីក្រុងវ៉ាស៊ីនតោន៕