(ម៉ូស្គូ)៖ មេបញ្ជាការកង​កម្លាំងយុទ្ធសាស្ត្រ​មីស៊ីលរុស្ស៊ី លោក ស៊ឺហ្គៃ ការ៉ាកាយ៉េវ (Sergei Karakayev) បានកត់​សម្គាល់ថា ការកើនឡើង​នៃទំនើប​កម្មអាវុធ​នៅក្នុងអង្គភាព​មួយនេះ បានផ្ដល់នូវ​សមត្ថភាពថ្មី​មួយ ក្នុងការបង្ការការវាយប្រហារ​ដោយអាវុធ​​នុយក្លេអ៊ែរ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​បទ​សម្ភាសន៍ ចេញផ្សាយដោយ​សារព័ត៌មាន​នៅក្នុងស្រុកនៅ​ថ្ងៃចន្ទនេះ លោក Karakayev ក៏បានបញ្ជាក់​ដែរថា ការអនុវត្តន៍ផែនការ​ឆ្នាំ២០១៧ ស្ដីពីការបំពាក់​អាវុធឡើងវិញ​ឱ្យកងកម្លាំងយុទ្ធសាស្ត្រ​មីស៊ីលរុស្ស៊ី បានចូលរួម​ចំណែកធ្វើឱ្យ​ការធ្វើ​ទំនើបកម្ម​អាវុធកើន​ឡើងរហូត​ដល់ ៦០ភាគរយ ជាមួយការ​ផ្ដល់នូវសមត្ថភាពថ្មី​ ក្នុងការបង្ការការវាយប្រហារ​ ដោយអាវុធ​នុយក្លេអ៊ែរ​ទៀតផង។

កងកម្លាំង​យុទ្ធសាស្ត្រមីស៊ីល​រុស្ស៊ី បានទទួលការ​បំពាក់អាវុធដ៏ច្រើន​លើសលប់ ដើម្បីដំណើរការ​ប្រតិបត្តិការ​របស់ពួកគេ ព្រមទាំង​ធានាការពារ និងប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ។ គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ រុស្ស៊ីបានបង្កើន​ការធ្វើទំនើបកម្ម​អាវុធ និងយោធា​របស់ខ្លួនយ៉ាង​ខ្លាំង។ ជាក់ស្ដែង​បើតាមកម្មវិធីអាវុធ​រុស្ស៊ី ឆ្នាំ២០១៨-២០១៩ យោធារុស្ស៊ី​មានគំរោងធ្វើបច្ចុប្បន្នភាព​អាវុធ រួមទាំងកម្លាំងយោធា ដោយចំណាយ​ប្រាក់ជាង ៣៥២.៣​ពាន់លានដុល្លារ៕