(អាមេរិក)៖ តារាវិទូមួយក្រុមបានលើកឡើងថា ភពមិនពេញលក្ខណៈ (Dwarf Planet) «ភ្លុយតូ» ដែលធ្លាប់ជាប់តំណែងជាភពទី ៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង តាមពិតទៅប្រហែលអាចជាបណ្តុំ នៃផ្កាយដុំកន្ទុយចំនួនរាប់ពាន់លានដុំនៅជាប់គ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
ក្រោយពីយានអវកាស New Horizons របស់ទីភ្នាក់ងារអវកាស NASA បានហោះឆ្វែល ភ្លុយតូ (Pluto) កាលពីខែកក្កដា ឆ្នាំ២០១៥ ក្រុមតារាវិទូទទួលបានឱកាសក្នុងការប្រមូលយកព័ត៌មាន ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន ទាក់ទិននឹងភពមិនពេញលក្ខណៈ និងពោរពេញដោយអាថ៌កំបាំងនៅចុងគេនេះ។ ទិន្នន័យនេះ បានបណ្តាលឲ្យអ្នកស្រាវជ្រាវពីររូប មកពីវិទ្យាស្ថាន Southwest Research (SwRI) បំផុសគំនិតឡើងថា Pluto ប្រហែលជាបានកកើតឡើងក្នុងរបៀបម៉្យាង ដែលខុសប្លែកពីភពទាំង ៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។
តាមរយៈការប្រៀបធៀបទិន្នន័យរបស់ New Horizons ជាមួយយានបេសកកម្មសិក្សាផ្កាយដុះកន្ទុយ Rosetta ឆ្នាំ២០១៦ ក្រុមអ្នកវិទ្យាសាស្រ្តខាងលើបានរកឃើញថា ប្រសិនបើផ្កាយដុះកន្ទុយជាច្រើនដែលស្រដៀងនឹងផ្កាយដុះកន្ទុយ Comet 67/Churyumov-Gerasimenko ដែលយាន Rosetta ធ្លាប់ទៅដល់នៅផ្តុំជាប់គ្នានោះ វានឹងមានលទ្ធផលប្រមូលផ្តុំទំហំ ទៅជាប្រហាក់ប្រហែលទៅនឹងទំហំភពភ្លុយតូដែរ។
គួរជម្រាបថា វាដូចជារឿងគួរឲ្យអស់សំណើចមួយដែរ សម្រាប់ Pluto ដែលស្ថិតនៅពីឆ្ងាយពីព្រះអាទិត្យជាងគេ ក្នុងតំបន់ដែនងងឹតសូន្យ ដោយដំបូងឡើយ ខ្លួនត្រូវគេចាត់ទុកថាជាភព តែក្រោយមកពុំមែនជាភព ហើយបន្ទាប់មកទៀតគឺភពមិនពេញលក្ខណៈ ខណៈមកដល់ពេលនេះ វាត្រូវគេសង្ស័យថា គ្រាន់តែជាដុំបាល់អវកាស ដែលផ្សំឡើងពីបណ្តុំទឹកកក និងថ្មថែមទៀត៕