(ទ្រីប៉ូលី)៖ ស្ថានទូតបារាំងប្រចាំនៅប្រទេសលីប៊ី បានប្រកាសជាផ្លូវការថា ប្រទេសបារាំង នឹងរៀបចំប្រារព្ធសន្និសីទអន្តរជាតិមួយ ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ស្តីពីអំពីបញ្ហានៅលីប៊ីនៅឯទីក្រុងប៉ារីស នាថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
ស្ថានទូតខាងលើបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «សន្និសីទអន្តរជាតិមួយស្តីពីបញ្ហានៅលីប៊ី នឹងប្រព្រឹត្តទៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនាថ្ងៃអង្គារ ទី២៩ ខែឧសភា នៅឯវិមាន អេលីហ្សេ (Elysee) នៃទីក្រុងប៉ារីស»។ សេចក្តីថ្លែងការណ៍បានបន្តថា «ក្រោយពីជម្លោះបានបន្តអូសបន្លាយអស់ ០៧ឆ្នាំ សន្និសីទដ៏ធំពុំធ្លាប់មាននេះ ដែលជាការឆ្ពោះទៅមុខបន្តទៀត នៃកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានធ្វើឡើងចាប់តាំងតែពីឆ្នាំ២០១១មកម្ល៉េះ ដោយសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ជាមួយគោលដៅចាប់ផ្តើមទំព័រថ្មី នៃស្ថិរភាព និងកិច្ចសហប្រតិបត្តិការ»។
គួរជម្រាបថា ទោះបីជាកិច្ចព្រមព្រៀងផ្នែកនយោបាយដែលគាំទ្រដោយ UN ត្រូវបានចុះហត្ថលេខាដោយគូបដិបក្ខនៅលីប៊ី កាលពីខែធ្នូ ឆ្នាំ២០១៥ រួមជាមួយនិងការតែងតាំងរដ្ឋាភិបាលរួបរួម ដែលមាន UN នៅពីក្រោយខ្នងយ៉ាងណាក្តី ក៏ប្រទេសលីប៊ី នៅតែបន្តមានភាពបែកបាក់គ្នាផ្នែកនយោបាយដដែល រវាងអាជ្ញាធរនៅឯតំបន់ភាគខាងកើត (ប៊ែងហ្គាស៊ី) និងភាគខាងលិច (ទ្រីប៉ូលី)៕