
អ៊ីរ៉ង់អះអាងថា «អន្តរជាតិកំពុងជួយសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ពីការបំផ្លិចបំផ្លាញដោយអាមេរិក...» (Video inside)
28-05-2018 10:01
(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាំមេដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បាននិយាយថា អន្តរជាតិបានព្រមព្រៀងគ្នានឹងជួយសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ពីការបំផិ្លចបំផ្លាញដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
យោងតាម លោក Zarif សហគមន៍អន្តរជាតិបានបង្ហាញការគាំទ្រដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ លើកលែងតែអ៊ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់មួយចំនួន ដែលគាំទ្រឱ្យទីក្រុងវ៉ាស៊ីនតោន ចាកចេញពីកិច្ចព្រមព្រៀងនេះ។ លោក Zarif បាន លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា សហគមន៍អន្តរជាតិនៅតែបន្តគាំទ្រកិច្ចព្រមព្រៀងនេះ ខណៈលោកប្រធានាធិបតី ត្រាំ បានបរាជ័យក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌ។ មិនតែប៉ុណ្ណោះ យើងជឿជាក់ដែរថា ប្រជាជាតិរបស់យើងហើយទំនុកចិត្តនេះឯង នឹងផ្ដល់ថាមពលដល់ ពួកយើងសម្រេចឱ្យបាននូវផលប្រយោជន៍ជូនជាតិ នៅក្នុងកិច្ចព្រមព្រៀងដ៏លំបាកបែបនេះ»។
គួរបញ្ជាក់ថា បើតាមលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បើសិនជាប្រទេសជាភាគីប្រាំផ្សេងទៀត នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (បារំាង អង់គ្លេស ចិន រុស្ស៊ី និងអាល្លឺម៉ង់) ធានាការពារ និងមិនធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍អ៊ីរ៉ង់ នោះទីក្រុងតេហេរ៉ង់ នឹងបន្តប្ដេជ្ញាចិត្តអនុវត្តន៍តាមកិច្ចព្រមព្រៀងនេះ៕