អតីតប្រធានាធិបតីអាមេរិក លោកតា ចច ប៊ូស ចូលសម្រាកមន្ទីរពេទ្យជាថ្មី ក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ! (Video inside)
28-05-2018 08:59
(ម៉េណេ)៖ អតីតប្រធានាធិបតីអាមេរិក លោក ចច ប៊ូស (George H.W. Bush) ដែលមានវ័យ ៩៣ឆ្នាំ ទៅហើយនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យសាជាថ្មី កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ក្រោយសម្ពាធឈាមចុះទាប និងមានសភាពអស់កម្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
ទន្ទឹមគ្នានោះដែរ បើតាមអ្នកនាំពាក្យគ្រួសាររបស់លោក គឺលោក ជីម ម៉ាកហ្គ្រេត (Jim McGrath) អតីតប្រធានាធិបតីអាមេរិករូបនេះ ទំនងជាអាចនឹងបន្តសម្រាកព្យាបាល និងស្ថិតនៅក្រោមការត្រួតពិនិត្យនៅមន្ទីរពេទ្យ Southern Maine Health Care នៃរដ្ឋ Maine ពីរបីថ្ងៃទៀត។ «លោកអតីតប្រធានាធិបតីភ្ញាក់ដឹងខ្លួនឡើងវិញហើយ និងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ»។ នេះជាការលើកឡើងរបស់លោក McGrath។
គួររំលឹកថា លោក Bush ធ្លាប់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងរដ្ឋតិចសាស់ម្ដងរួចមកហើយ កាលពីខែមេសា កន្លងទៅ ដើម្បីព្យាបាលជំងឺឆ្លងនៅក្នុងឈាមរបស់លោក ហើយលោកបានសម្រាកព្យាបាលនៅទីនោះអស់ជិត ០២សប្ដាហ៍។ លោក ត្រូវបានគេទទួលស្គាល់ថា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានចូលរួមពិធីបុណ្យសពប្រពន្ធរបស់លោក គឺលោកស្រី Barbara អតីតស្ត្រីទីមួយអាមេរិក ដែលបានបាត់បង់ជីវិតកាលពីថ្ងៃទី១៧ ខែមេសា៕