(វ៉ាស៊ីនតោន)៖ លោក Alan Bean ជាអវកាសយានិកទីបួន ដែលធ្លាប់ជាន់លើឋានព្រះច័ន្ទ បានទទួលមរណភាពហើយ នៅអាយុ៨៦ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាស NASA លោក Brean វ័យ៨៦ឆ្នាំ បានទទួលមរណភាពនាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Houston នៃរដ្ឋតិចសាស់ ក្រោយពីបានធ្លាក់ខ្លួនឈឺជាទម្ងន់ភ្លាមៗ នៅអំឡុងពេលធ្វើដំណើរនៅក្រុង Fort Wayne នៃរដ្ឋ Indiana កាលពី០២សប្តាហ៍មុន។
គួរជម្រាបថា លោក Alan Bean បានក្លាយខ្លួនជាអវកាសយានិកកាលពីឆ្នាំ១៩៦៣ ក្នុងវ័យ៣១ឆ្នាំ។ ០៦ឆ្នាំក្រោយមកលោក បានក្លាយជាអ្នកបញ្ជាយានអវកាសធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ នៅក្នុងបេសកម្មលើកទីពីររបស់សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទៅនោះ គឺបេសកកម្ម Apollo 12 និងជាបុគ្គលទីបួនដែលបានជាន់លើដីរបស់ព្រះច័ន្ទ បន្ទាប់ពីលោក Neil Armstrong, លោក Buzz Aldrin, និង លោក Pete Conrad។ ក្រៅពីបុគ្គលទាំង០៤រូបនេះ គឺមានមនុស្សតែ០៨នាក់ទៀតប៉ុណ្ណោះ ដែលធ្លាប់បានដើរនៅលើឋានព្រះច័ន្ទ៕