(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីកូរ៉េខាងត្បូង បានព្រមព្រៀងបើកកិច្ចពិភាក្សាជាន់ខ្ពស់រវាងប្រទេសទាំងពីរ នៅថ្ងៃទី០១ ខែមិថុនា ក្នុងអំឡុងជំនួបស្ងាត់ៗជាលើកទីពីររវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នៅឯព្រំដែនកាលពីម្សិលមិញ។ នេះបើតាមការរបស់ទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង KCNA ដកស្រង់បន្តដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨។
ជំនួបអន្តរកូរ៉េលើកទីពីររវាងលោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុន ក្នុងរយៈពេលត្រឹមមួយខែប៉ុណ្ណោះនេះ ត្រូវបានធ្វើឡើងដោយស្ងាត់ៗនៅឯភូមិ Panmunjom ខណៈដែលលោក មូន បាននិងកំពុងដុតដៃដុតជើងព្យាយាមស្រោចស្រង់ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ដែលពីដំបូងត្រូវបានកំណត់ថានឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី មុនពេលត្រូវលោក ដូណាល់ ត្រាំ សម្រេចលុបចោល។
គួរជម្រាបថា ក្រោយពីបានប្រកាសលុបចោល លោកប្រធានាធិបតីអាមេរិក បែរជាត្រឡប់ទៅលើនិយាយវិញថា ជំនួបកំពូលរវាងលោកនិងលោក គីម អាចនឹងប្រព្រឹត្តទៅដូចអ្វីដែលបានគ្រោងទុកដដែល ខណៈប្រទេសទាំងពីរ កំពុងចរចារឿងនេះ៕