(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមានក្តីរំពឹងយ៉ាងខ្ពស់ថា កិច្ចប្រជុំកំពូលនាថ្ងៃទី១២ ខែមិថុនាខាងមុខ ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅតាមការគ្រោងទុកដដែល ខណៈដែលអ្វីៗកំពុងឆ្ពោះទៅរកភាពប្រសើរឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
ការបង្ហាញពីការជឿជាក់របស់លោក ត្រាំ ត្រូវបានធ្វើឡើង នៅឯសេតវិមាន ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី បានជួបសួរសុខទុក្ខជនជាតិអាមេរិក ដែលត្រូវបានជាប់ឃុំនៅក្នុងប្រទេសវេណេស៊ុយអេឡា និងទើបត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ កាលពីម្សិលមិញ លោក ដូណាល់ ត្រាំ ក៏បានបង្ហើបឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង អាចនឹងស្រោចស្រង់ឡើងវិញបាន ក្រោយពីកូរ៉េខាងជើង នៅតែបង្ហាញពីឆន្ទៈក្នុងការអង្គុយចរចាគ្នា។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានសរសេរលិខិតមួយច្បាប់ផ្ញើទៅលោក គីម ជុងអ៊ុន ដើម្បីជូនដំណឹងពីការលុបចោលជំនួបកំពូលនៅសិង្ហបុរី ដោយលោក ត្រាំ បានលើកហេតុផលថា ដោយសារតែការបញ្ចេញកំហឹង និងចេតនាចង់បង្ករឿងដោយបើកចំហ នៅក្នុងសេចក្តីថ្លែងការណ៍មួយចំនួន នាពេលថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ទោះជាបែបនេះក្តី កូរ៉េខាងជើងបានអះអាងថា នៅតែចង់អង្គុយចុះពិភាក្សាជាមួយអាមេរិក៕