(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបើកកិច្ចប្រជុំជាលើកទីពីរ ជាមួយ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នាថ្ងៃសៅរ៍នេះ ដែល​ជំនួបគួរឲ្យភ្ញាក់ផ្អើលនេះ ទំនងជាត្រូវបានធ្វើឡើងក្រោមគោលបំណង​បញ្ចុះបញ្ចូលឲ្យ​លោក គីម យល់ព្រម​បន្តបើក​កិច្ច​​ប្រជុំ​​កំពូលជាមួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពីទីភ្នាក់ងារ​ព័ត៌​មាន​កូរ៉េ​ខាង​ត្បូង យុនហ៉ាប់ នៅយប់ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។

បើតាមអ្នកនាំពាក្យរបស់លោក មូន ​​លោក​ប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំជាលើកទីពីរ ជាមួយ​លោក គីម ជុងអ៊ុន នៅឯអគារ​ Tongil-gak ដែលស្ថិតលើទឹកដីកូរ៉េខាងជើង ក្នុងភូមិ Panmunjom ដែលជាតំបន់ព្រំដែនអន្តរកូរ៉េ កាលពីវេលាម៉ោង០៣៖០០នាទីរសៀល​​​​​​ដល់ម៉ោង០៥៖០០នាទីល្ងាចថ្ងៃសៅរ៍នេះ (ពេលវេលានៅឧបទ្វីបកូរ៉េ)។

គួរជម្រាបថា ជំនួបជាលើកទីពីរ​​រវាងលោក មូន និងលោក គីម នេះ ​បានកើតមានឡើងនៅមួយខែក្រោយ ពីមេដឹកនាំកូរ៉េទាំងពីរ បានបើក​កិច្ចប្រជុំកំពូលជាលើកដំបូង នៅឯភូមិ Panmunjom កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ ហើយវាបានកើតឡើងនៅពីរថ្ងៃក្រោយ ​លោក ដូណាល់ ត្រាំ បានសរសេរលិខិត​ផ្ញើទៅលោក គីម ជុងអ៊ុន ដើម្បីជូនដំណឹងពីការលុបចោល​​ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ដែលត្រូវ​បានគ្រោងថានឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅប្រទេសិង្ហបុរី។ ដោយឡែកនៅព្រឹកថ្ងៃសៅរ៍នេះវិញ លោក ត្រាំ បែរជាបាននិយាយ​ថា​​​កិច្ចប្រជុំរវាងលោកនិងលោក គីម ជុងអ៊ុន អាចនឹងកើតមានឡើងដូចការគ្រោងទុកដដែល។

ដោយឡែក បើតាមវិមាន​ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងជំនួបលើកទីពីរនាថ្ងៃនេះ លោក មូន និងលោក គីម បានផ្លាស់ប្តូរទស្សនៈ​ដោយ​ត្រង់ៗទៅវិញទៅមក ជុំវិញការអនុវត្តន៍​សេចក្តីប្រកាសរួម ដែលបានធ្វើឡើងនៅភូមិ Panmunjom កាលពីថ្ងៃទី២៧ ខែមេសា និងជុំវិញកិច្ច​ប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក ហើយលោក មូន ផ្ទាល់ នឹងបើកសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃស្អែក ដើម្បីបកស្រាយពីលទ្ធផលនៃ​​ជំនួប​លើកទីពីររបស់លោក ជាមួយលោក គីម ជុងអ៊ុន៕