(អឺរ៉ុប)៖ ប្រធានស្នងការទទួលបន្ទុកកញ្ចប់ថវិកាអឺរ៉ុប លោក ហ្គែនធើ អេតធីងហ្គើ (Guenther Oettinger) បានកត់សម្គាល់ថា អាល្លឺម៉ង់ចំាបាច់ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនកញ្ចប់ថវិកាការពារជាតិ ឱ្យដល់គោលដៅដែលកំណត់ដោយអង្គការណាតូ ពោលគឺដូចគ្នាទៅនឹងការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
លោក Guenther ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ហ្វាំងគី (Funke) នៅថ្ងៃសៅរ៍នេះ។ លោក Guenther បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាអាល្លឺម៉ង់ចង់បានទំនុកចិត្តនៅក្នុងអង្គការណាតូ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ត្រូវតែបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យជិតដល់ ២ភាគរយ តាមគោលដៅកំណត់»។ បន្ថែមពីលើនេះ លោកក៏បានអះអាងដែរថា ការប្ដេជ្ញាចិត្តរបស់ទីក្រុងប៊ែរឡាំងក្នុងការចំណាយកញ្ចប់ថវិកា ១.៥ភាគរយ លើកញ្ចប់ថវិកាយោធា គឺជារឿងអាចទទួលបាន។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់លើបណ្ដាប្រទេសអឺរ៉ុបជាច្រើន ជាពិសេសគឺអាល្លឺម៉ង់ជុំវិញ ការចំណាយលើកញ្ចប់ថវិកាយោធាមិនគ្រប់គ្រាន់ តាមគោលដៅកំណត់ ០២ភាគរយ។ ការអះអាងរបស់លោក ដូណាល់ ត្រាំ គឺចង់បញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែចំណាយថវិកាច្រើនតែឯង ខណៈដែលអង្គការនេះ មានផលប្រយោជន៍ខ្លាំងចំពោះសហភាពអឺរ៉ុប៕