(ញូដេលី)៖ រលកកម្តៅដែលមានសីតុណ្ហភាព ត្រូវបានគេព្យាករណ៍ថានឹងឡើងខ្ពស់ដល់ទៅ ៤៧អង្សាសេនោះ កំពុងតែវាយប្រហារបណ្តារដ្ឋភាគកណ្តាល ខាងលិច និងភាគខាងជើង នៃប្រទេសឥណ្ឌា ហើយវានឹងបន្តអូសបន្លាយស្ថានភាពអាក្រក់នៅរយៈពេលពីរទៅបីថ្ងៃខាងមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
បើគិតត្រឹមកាលពីថ្ងៃសុក្រសប្តាហ៍នេះ សីតុណ្ហភាពបានកើនឡើងពី ៤៣អង្សាសេ ទៅ ៤៥អង្សាសេ ហើយវាកំពុងស្ទុះឡើងខ្ពស់តាមការរំពឹងទុករហូតដល់កម្រិត ៤៧អង្សាសេ នៅថ្ងៃសៅរ៍នេះតែម្តង នៅតាមបណ្តារដ្ឋភាគកណ្តាល និងខាងជើង ក្នុងនោះក៏មានរដ្ឋធានីញូដេលីផងដែរ។ អាជ្ញាធរនៅតាមបណ្តារដ្ឋមួយចំនួនដូចជា រ៉ាហ្សាស់ថាន់ (Rajasthan នៅភាគខាងលិចប្រទេស ក៏បានចេញសេចក្តីព្រមានរួចទៅហើយដែរ។
គួរបញ្ជាក់ថា រលកកម្តៅក្បែរៗ ៥០អង្សាសេ តែងតែបោកបក់មកលើប្រទេសឥណ្ឌា ក៏ដូចជាប៉ាគីស្ថានផងដែរ ដោយបានសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ ហើយពេលនេះ អាជ្ញាធរឥណ្ឌាក៏កំពុងព្រួយបារម្ភអំពីមនុស្សស្លាប់ ដោយសារកម្តៅដ៏ក្តៅនេះផងដែរ ខណៈនៅប៉ាគីស្ថានឯណោះវិញ មនុស្ស ៦៥នាក់ ទៅហើយបានស្លាប់តែក្នុងរយៈពេលតែបីថ្ងៃ កាលពីដើមសប្តាហ៍នេះ៕