(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាសាងសង់រម្មណីយដ្ឋានលំដាប់ពិភពលោកមួយ នៅភាគខាងកើតទីក្រុងកំពង់ផែវ៉ុនសាន (Wonsan)។ នេះបើតាម KCNA ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ធ្វើការសន្យានេះនៅអំឡុងបំពេញទស្សនកិច្ច ទៅកាន់ទីតាំងការដ្ឋានសាងសង់នៅក្នុងតំបន់ឆ្នេរទេសចរណ៍ Wonsan-Kalma ហើយលោកថែមទាំងបញ្ជាក់ដែរថា សំណងអច្ឆរិយៈថ្មីមួយនឹងត្រូវ កសាងឡើងជាថ្មីនៅកូរ៉េខាងជើង។
«នេះគឺជាការប្ដេជ្ញាចិត្តរបស់គណបក្សពលករកូរ៉េខាងជើង ក្នុងការសាងសង់តំបន់ឆ្នេរ ទេសចរណ៍ Wonsan-Kalma ឱ្យមានលក្ខណៈជាទីក្រុងតាមបែបកូរ៉េ... សំដៅធ្វើឱ្យប្រជាជនរបស់យើងមានភាពរីករាយនឹងអរិយ្យ ធម៌លំដាប់ខ្ពស់»។ នេះបើតាមលោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំពេញអង្គកាលពីខែមុន គណបក្សពលករកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងផ្ដោតសំខាន់លើការបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវិភាពប្រជាជន៕