(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិនក្នុងពេលបច្ចុប្បន្ន កំពុងវិវឌ្ឍន៍ទៅមុខក្នុងកម្រិតខ្ពស់ និងល្អបំផុតលើសពេលណាៗទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
លោក ពូទីន ថ្លែងបែបនេះនៅអំឡុងពេលផ្ដល់បទសម្ភាសន៍មួយ ដល់បណ្ដាសារព័ត៌មានអន្តរជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «វាមិនចាំបាច់បញ្ជាក់ឡើងវិញពីទំនាក់ទំនងរវាងចិន និងរុស្ស៊ី ទៀតនោះទេ។ ជាការពិតរុស្ស៊ី និងចិនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្រោមគោលការណ៍ស្មើភាព»។ ដោយឡែក្រៅតែពីទំនាក់ទំនងទ្វេភាគី លោក ពូទីន ក៏បានសង្កត់ធ្ងន់ផងដែរថា ចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចប្រឹងប្រែងជម្រុញឱ្យមានការលុប បំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
គួរជម្រាបថា បើតាមលោក វ្ល៉ាឌីមៀ ពូទីន រុស្ស៊ីពេញចិត្តនឹងសន្ទុះទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។ «ចិនគឺជាដៃគូពាណិជ្ជកម្ម ដ៏ធំរបស់រុស្ស៊ីដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានដល់ទៅជាង ៨៦ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ខណៈគេរំពឹងថា វានឹង កើនដល់ ១០០ពាន់លានដុល្លារនៅក្នុងមួយឆ្នាំទៀត»។ នេះជាការលើកឡើងរបស់លោក ពូទីន៕