(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានព្រមានជាថ្មីម្ដងទៀត លើរដ្ឋាភិបាលស៊ីរីថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងសមស្របដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់។ ព្រមពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោន ក៏បានសម្ដែងការព្រួយបារម្ភផងដែរ ពាក់ ព័ន្ធនឹងសេចក្ដីរាយការណ៍ពីប្រតិបត្តិការយោធានៅក្នុងតំបន់កាត់បន្ថយជម្លោះ នៅភាគនិរតីប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់សហរដ្ឋអាមេរិក កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានការវាយប្រយុទ្ធគ្នាស្រដៀងគ្នានេះ នៅក្នុងតំបន់កាត់បន្ថយជម្លោះ ស្ថិតនៅភាគឦសានប្រទេសស៊ីរី គ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក។ បន្ថែមពីលើនេះ សេចក្ដីរាយការណ៍ដដែលឱ្យដឹងទៀតថា កងទ័ពជើងគោក និងអាកាសអាមេរិក បានដឹកនាំការវាយប្រហារជាង ០៤ម៉ោង ដោយសម្លាប់កងកម្លាំងស្ម័គ្រស្មោះនឹងប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាស្សាដ រហូតដល់ទៅជាង ៣០០នាក់ ក្នុងនោះភាគច្រើនជាទាហានស៊ីឈ្នួលរបស់រុស្ស៊ី។
ដោយឡែក ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងដូច្នេះថា «ក្នុងនាមជាអ្នកធានាការពារតំបន់កាត់បន្ថយជម្លោះជាមួយរុស្ស៊ី និងហ្ស៊កដានី សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងសមស្រប ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់ ពីសំណាក់រដ្ឋាភិបាលស៊ីរី»។
គួរជម្រាបថា បើតាមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅទីក្រុងឡុងដ៍ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានប្រកាសពីជោគជ័យលើក្រុម ISIS ដោយគ្រប់គ្រងទីក្រុងដាម៉ាស់បានទំាងស្រុង ហើយកំពុងធ្វើសកម្មភាពឆ្ពោះទៅកាន់ភាគខាងត្បូងខេត្ត Deraa៕