(ម៉ាឡេស៊ី)៖ ឆ្លើយតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថ្មីទី៧ របស់ម៉ាឡេស៊ី សម្តេច Tun Dr Mahathir MOHAMAD និងជាអតីតនាយករដ្ឋមន្រ្តី រយៈពេល២២ឆ្នាំ ពីឆ្នាំ១៩៨១-២០០៣, លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមទទួលទានស្រាយបួសរ៉ាម៉ាឌន នៅរាត្រីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នៅទីក្រុងរាជរដ្ឋាភិបាល Putrajaya ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលម៉ាឡេស៊ី និងតំណាងស្ថាប័នអង្គការក្នុងប្រទេសម៉ាឡេស៊ីជាច្រើន។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បាននាំក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ព្រមទាំងការអបអរសាទរ ចំពោះជ័យជំនះសារជាថ្មី ក្នុងការក្លាយជានាយករដ្ឋមន្រ្តី បន្ទាប់ពីបានលាលែងពីតំណែងជានាយករដ្ឋមន្រ្តី អស់រយៈកាល១៥ឆ្នាំកន្លងទៅ។
បន្ទាប់ពីបានថ្លែងការអបអរសាទរចំពោះវត្តមានរបស់ សមាជិករាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានផ្តាំផ្ញើក្តីនឹករលឹក និងការសាកសួរសុខទុក្ខទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្រៅពីធ្លាប់បានចូលរួមជ្រោមជ្រែង និងការផ្តល់ជំនួយលើវិស័យផ្សេងៗ ដល់សហគមន៍ខ្មែរឥស្លាមនៅឆ្នាំ២០០៨ គឺ៥ឆ្នាំក្រោយពីការលាលែងពីតំណែង ជានាយករដ្ឋមន្រ្តី សម្តេច Tun Dr Mahathir MOHAMAD ក៏ធ្លាប់អញ្ជើញធ្វើបឋកថា ជាមួយថ្នាក់ដឹកនាំខ្មែរឥស្លាម គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក និងគ្រូខ្មែរឥស្លាម ដែលចូលរួមជាង៥០០នាក់ផងដែរ៕