(ការ៉ាកាស់)៖ អង្គការក្រៅរដ្ឋាភិបាល ហ្វូរ៉ូ ភែណែល (Foro Penal) បានឱ្យដឹងថា បាតុករ ២០នាក់ ដែលត្រូវអាជ្ញាធរវេណេស៊ុយអេឡាចាប់ឃុំខ្លួន តាំងតែពីខែមេសា ឆ្នាំ២០១៧មក ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយសារព័ត៌មាន ABC នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter នាយកអង្គការ Foro Penal លោក អាល់ហ្វ្រេដូ រ៉ូមែរ៉ូ (Alfredo Romero) បានគូសបញ្ជាក់ដូច្នេះថា «អ្នកទោសនយោបាយ ២០នាក់ ត្រូវបាន ដោះលែងឱ្យមានសេរីភាពហើយអ្នកទាំងនេះ សុទ្ធតែមកពីរដ្ឋ ហ្ស៊ូលា (Zulia) ភាគពាយ័ព្យនៃប្រទេស»។ លោក Romero បានបន្ថែមថា នៅមានអ្នកទោសនយោបាយ ៣៥០នាក់ទៀត ដែលកំពុងជាប់ឃុំ ប៉ុន្តែខាងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បាន ច្រានចោលការអះអាងនេះ។
គួរបញ្ជាក់ថា បើតាមលោក Romero បាតុករទាំង ២០នាក់ ខាងលើត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាចាប់ខ្លូន នៅអំឡុងបាតុកម្ម តវ៉ាក្នុងរដ្ឋ Zulia ប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡាកាលពីឆ្នាំ២០១៧។ ម្យ៉ាងវិញទៀត អ្នកទាំងនេះមានសេរីភាពឡើងវិញ តាមរយៈការស្នើសុំពីលោក ម៉ាឌូរ៉ូ ដែលទើបតែស្បថចូលកាន់តំណែង ជាប្រធានាធិបតីវេណស៊ុយអេឡា ក្នុងអាណត្តិទី ២ របស់លោកកាលពីប៉ុន្មានថ្ងៃមុននេះ៕