(ផតឡេនដ៍)៖ ប៉ូលិសទីក្រុងផតឡេនដ៍ (Portland) នៃរដ្ឋអូរ៉េហ្គន (Oregon) ភាគខាងលិចសហរដ្ឋអាមេរិក បានចាប់ខ្លួនបុរសម្នាក់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ក្រោយពីរូបគេបានចុះពីលើរថយន្ត Mazda SUV ពណ៌ខៀវ រួចធ្វើការវាយតប់ស្ត្រីចំនួន ០៣រូប ដែលធ្វើដំណើរតាមដងផ្លូវ បណ្តាលឲ្យរងរបួសទាំងបីនាក់ ហើយក្នុងនោះម្នាក់របួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
ប៉ូលិសអាមេរិកបានបញ្ជាក់ថា ស្ត្រីរងគ្រោះទាំងបីរូបខាងលើនេះ បានកំពុងធ្វើដំណើរនៅតាមដងផ្លូវពីមុខមហាវិទ្យាល័យទីក្រុង Portland ហើយក៏ត្រូវបានបុរសខាងលើនេះ ស្ទុះមកវាយតប់ទាត់ធាក់យ៉ាងដំណំតែម្តង។ ប៉ូលិសមិនទាន់បញ្ជាក់អំពីមូលហេតុនៃការបង្ករឿងនេះឡើង ឬក៏អត្តសញ្ញាណនៃជនសង្ស័យរូបនេះឡើយ ប៉ុន្តែបុរសនេះត្រូវបានចាប់ខ្លួនហើយ រួមទាំងការរឹបអូសរថយន្តថែមទៀត ដើម្បីបន្តការស៊ើបអង្កេត៕