(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាថ្មីឡើងវិញថា គំរោងជួបគ្នារវាលោកនិងមេដឹកនាំកូរ៉េខាង ជើង លោក គីម ជុងអ៊ុន អាចនឹងនៅតែត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ បន្ទាប់ពីលោកផ្ទាល់ប្រកាសលុបចោលជំនួបកំពូលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោកត្រាំ ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) នៅឯសេតវិមាន ហើយលោកក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងជជែកគ្នាដោយភាគីទាំងពីរចង់ឱ្យកិច្ចព្រមព្រៀងត្រូវប្រព្រឹត្ត ទៅតាមការគ្រោងទុកនៅប្រទេសសង្ហបុរី។ ប្រធានាធិបតីអាមេរិករូបនេះ លើកឡើងដូច្នេះថា៖ «យើងនឹងបានឃើញថាអ្វីនឹងកើតឡើង ។ វាអាចនឹងកើតឡើងនៅថ្ងៃទី១២ ហើយយើងកំពុងជជែកគ្នា។ ពួកគេ (កូរ៉េខាងជើង) ពិតជាចង់ធ្វើវាណាស់ ហើយយើងក៏ចង់ធ្វើវាដែរ។ យើងនឹងបានឃើញដែលនឹងកើតឡើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោកត្រាំ បានប្រកាសលុបចោលជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន តាមរយៈលិខិតផ្លូវការមួយដែល នៅក្នុងនោះបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងដោយសារតែការខឹងសម្បារ និងការបង្ករឿងជាបន្តបន្ទាប់ពីសំណាក់កូរ៉េខាងជើង។ ប៉ុន្តែទីក្រុងព្យុងយ៉ាង ផ្ទុះកំហឹង មិនមែនគ្មានហេតុផលនោះទេ ពោលគឺរបបដឹកនាំកុម្មុយនិស្ដមួយនេះខឹងសម្បារយ៉ាងខ្លាំងចំពោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton និងអនុប្រធានាធិបតីអាមេរិកលោក Mike Pence ដែលអះអាងថា កូរ៉េខាងជើង អាចនឹងដើរដល់ទីបញ្ចប់ដូចប្រទេសលីប៊ី បើមិនព្រមបោះចោលអាវុធនុយក្លេអ៊ែរ។ លើសពីនេះទៅទៀត ជាប្រតិកម្មឆ្លើយ ទីក្រុងព្យុង យ៉ាងបានព្រមានថា ការចរចា ឬក៏ការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ គឺអាស្រ័យទៅលើសហរដ្ឋអាមេរិក៕